មន្រ្តីរដ្ឋាភិបាល១២រូបត្រូវបានព្រះមហាក្សត្រប្រកាសតែងតាំងនិងផ្តល់ឋានៈឡើងវិញជាសមាសភាពនិងថ្នាក់ដឹកនាំលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែននៃទីស្តីការគណៈរដ្ឋមន្រ្តី។
បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នៅថ្ងៃចន្ទនេះ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន មានលោក វ៉ា គឹមហុង ជាប្រធាន លោក ឡុង វិសាលោ ជាអនុប្រធានទី១ មានឋានៈស្មើទេសរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការបរទេស។ លោកស្រី កុយ ពិសី ជាលេខាធិការនិងជាអនុប្រធានមានឋានៈស្មើរដ្ឋមន្រ្តី។ ចំណែកមន្រ្តី៩រូបទៀតមានតំណែងរជាអនុប្រធានដែលត្រូវបានតែងតាំងនិងផ្តល់ឋានៈឡើងវិញ រួមមានលោក ប្រុក សារឿន លោក ភេម សុខុន និងលោក ឡាំ ជា លោក ស៊ឹន សុធានី លោក ស៊ា ម៉ៅ លោក កុយ វិសិទ្ធ លោក ឡាយ សៀងលី លោក ង៉ាន់ វណ្ណរ័ត្ន និងលោក ហាស់ ផល្លារិទ្ធ។