អ្នកបើករថយន្តឲ្យតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃចន្ទម្សិលមិញ មិនបានចូលបំភ្លឺតាមការកោះហៅរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនោះទេ ដោយលើកឡើងថាលោកបានបំភ្លឺរួចអស់ហើយទៅសមត្ថកិច្ច។នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកោះហៅលោក ផល ភក្តី ដែលជាអ្នកបើករថយន្តរបស់តំណាងរាស្រ្ត លោក គង់ សុភា ចូលមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង៨និង៣០នាទី ដើម្បីមកបំភ្លឺជាសាក្សី ករណីបង្ករបួសស្នាមលើអ្នកតំណាងរាស្រ្ត។ជាការឆ្លើយតប លោក ផល ភក្តី សរសេរក្នុងលិខិតមួយថាកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ កម្លាំងនគរបាលចម្រុះចំនួន៦រូបបានមកសួរយកចម្លើយបំភ្លឺអស់រយៈពេលជិយ ៣ម៉ោង(ចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង១២និង៤៥នាទីរសៀល) នៅក្នុងវិមានរដ្ឋសភា នៅក្នុងបន្ទប់របស់អ្នកតំណាងរាស្រ្ត លោក ហូរ វ៉ាន់។