លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅយប់ឆ្លងចូលថ្ងៃព្រហស្បតិ៍បានបង្ហោះសារមួយដែលលោកចាត់ទុកថា ជាសារសម្ងាត់របស់ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ផ្ញើមករូបលោក ស្របពេលលោកយល់ថាលោក សម រង្ស៊ី មិនបានគោរពសម្តីដែលធ្លាប់សរសេរសុំទោសរូបលោក។សារដែលបង្ហោះលោកហ្វេសប៊ុករបស់លោក ហ៊ុន សែន មានខ្លឹមសារថា៖ “ខ្ញុំសូមថ្លែងអំណរគុណចំពោះសម្តេចដែលមានទឹកចិត្តគោរពស្រឡាញ់និងឲ្យតម្លៃដល់កូនខ្ញុំ ដូចសម្តេចបានមានប្រសាសន៍នៅទីក្រុងប៉ារីស ថ្មីៗនេះ”។ សារមានខ្លឹមសារបន្តថា៖ “ខ្ញុំសូមជម្រាប សម្តេចវិញថាភរិយាខ្ញុំនិងរូបខ្ញុំ ក៏គោរព ស្រឡាញ់និងឲ្យតម្លៃដល់បុត្រាបុត្រីសម្តេចដូចគ្នាអញ្ចឹងដែរ។ លើសពីនេះទៅទៀត តាំងពីក្រុមគ្រួសារយើងទាំងពីរបានស្គាល់គ្នាមក ហើយបានចាប់ផ្តើមរាប់អានគ្នាមក ព្រមទាំងតាមអ្វីដែលសម្តេចនិងរូបខ្ញុំបានផ្តាំផ្ញើកូនយើងទាំងសងខាងមក ភរិយាខ្ញុំនិងរូបខ្ញុំផ្ទាល់បានចាប់ផ្តើមស្រឡាញ់បុត្រាបុត្រីសម្តេច ដូចកូនបង្កើតរបស់យើងខ្ញុំអញ្ចឹង”។“ដូច្នេះខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីមានការលើកឡើងនិងការបកស្រាយខ្លះ បណ្តាលមកពីបញ្ហាបកប្រែក៏មិនដឹង ដែលខុសស្រឡះពីទឹកចិត្តពិតប្រាកដរបស់ខ្ញុំចំពោះក្រុមគ្រួសារសម្តេច ដូចបានបញ្ជាក់ខាងលើ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមអភ័យទោសចំពោះសម្តេច បើខ្ញុំបានធ្វើឲ្យសម្តេចអន់ចិត្តឬខកចិត្ត កន្លែងណាមួយដោយអចេតនា”។ នេះបើយោងតាមសាររបស់លោក សម រង្ស៊ី។ការទម្លាយសារនេះធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី និងលោក កឹម សុខា កំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ។