ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញបានចាត់ទុក ការចេញដីកាចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងការលុបឈ្មោះលោកចេញពីបញ្ជីតំណាងរាស្រ្ត នឹងធ្វើឲ្យ”ធ្លាក់ចុះថែមទៀតនៃបរិយាកាសប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា” ដោយអំពាវនាវកុំឲ្យមានការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង ពេលត្រឡប់ចូលប្រទេសវិញ។កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានរដ្ឋសភា លោក ហេង សំរិន បានចេញសេចក្តីប្រកាសមួយថាលោក សម រង្ស៊ី ត្រូវបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិនិងសមាជិកភាពជាសមាជិករដ្ឋសភា មណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥នេះ។សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាចេញផ្សាយនៅថ្ងៃចន្ទនេះឲ្យដឹងថា៖ “យើងមានកង្វល់យ៉ាងជ្រាលជ្រៅចំពោះការដកលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិកម្ពុជា (CNRP)ចេញពីរដ្ឋសភាជាតិ នៅថ្ងៃនេះ ដែលត្រូវបានធ្វើឡើងជាឯកតោភាគីដោយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច”។ ស្ថានទូតបន្តថា៖ “យើងសូមអំពាវនាវឲ្យរដ្ឋសភាជាតិប្រគល់សមាជិកភាពក្នុងសភាជាតិនិងផ្តល់អភ័យឯកសិទ្ធិសភាជូនលោក សម រង្ស៊ី វិញ ជាបន្ទាន់”។