គ.ជ.ប បានបញ្ចប់ការចុះឈ្មោះអ្នកបោះឆ្នោតសាកល្បងរយៈពេល ១៥ ថ្ងៃតាមប្រព័ន្ធកុំព្យូទ័រដោយបានលទ្ធផលតែជាង ៥០% ខុសពីការរំពឹងទុកព្រោះតែឧបសគ្គមួយចំនួនដូចជាគ្រោះធម្មជាតិ បច្ចេកទេសនៅខ្វះខាតរួមនឹងការផ្សព្វផ្សាយដែលមិនទាន់បានទូលំ ទូលាយនៅឡើយ។ការសាកល្បងចុះឈ្មោះបោះឆ្នោតថ្មីតាមបែបទំនើបកម្មកុំព្យូទ័រមុន នឹងឈានដល់ការចុះឈ្មោះឡើងវិញ និងការរៀបចំបញ្ជីឈ្មោះមួយដែលមានតម្លាភាព និងគុណភាពបានចាប់ផ្តើមតាំងពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ វិច្ឆិកាឆ្នាំ ២០១៥ និងធ្វើឡើងនៅមណ្ឌលចំនួន ២៥ ក្នុងភូមិគោលដៅចំនួន ៤១ និងឃុំសង្កាត់ចំនួន ២៥ ទូទាំងរាជធានី ខេត្ត។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងពីម្សិលមិញថាក្នុងដំណើរការសាកល្បងនេះ គ.ជ.ប បានសម្រេចចុះឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័របានចំនួន ១៧៥៥៦ នាក់ដែលស្មើនឹង ៥៣,៩៧% នៃតួលេខរំពឹងទុក ៣២៥២៨ នាក់។