ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានអះអាងថា លោក ហោ ណាំហុង បានចាញ់ក្តីរបស់លោក នៅតុលាការកំពូលរបស់បារាំង ជុំវិញករណី «ចោទលោក ហោ ណាំហុង ជាមេគុកបឹងត្របែក នាសម័យខ្មែរក្រហម» ប៉ុន្តែលោកថា នៅកម្ពុជា ស្រាប់តែលោក ចាញ់ក្តីរបស់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទៅវិញ ។នៅលើបណ្តាញទំនាក់ទំនង Facebook នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ លោក សម រង្ស៊ី បានហៅតុលាការកម្ពុជាថា ខុសនឹងគោលការណ៍ច្បាប់។ លោកលើកឡើងថា «កាលពីថ្ងៃ ២៧ ខែមេសា ២០១១ តុលាការកំពូលបារាំង (Cour de Cassation) បានកាត់ក្តី ឲ្យខ្ញុំឈ្នះលោក ហោ ណាំហុង ជាចុងក្រោយនិងជាស្ថាពរ លើបណ្តឹងបទបរិហារកេរ្តិ៍របស់គាត់។ តែនៅឆ្នាំ២០១៣ នៅចំពោះមុខតុលាការកម្ពុជាសព្វថ្ងៃ ដែលមិនឯករាជ្យ លោក ហោ ណាំហុង បែរជាឈ្នះក្តីទៅវិញ ក្នុងរឿងតែមួយនេះ ដែលខ្ញុំចោទគាត់ថា បានចូលដៃជាមួយពួកខ្មែរក្រហម នៅក្នុងគុកបឹងត្របែក នៅចុងទសវត្សរ៍ឆ្នាំ១៩៧០ ។ ការកាត់ក្តី លើកទីពីរ លើរឿងដដែលនេះ រវាងភាគីដដែលនេះ គឺខុសគោលការណ៍ច្បាប់ហៅថា "Non bis in idem"»។