របាយការណ៍ស្ទង់របស់មូលនិធិអាស៊ីបង្ហាញថាពលរដ្ឋខ្មែរភាគច្រើនយល់ថាកម្ពុជាកំពុងដើរលើផ្លូវខុស

2014-12-15 14:55:00 4758 Views

«លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៤ ការ​ស្ទង់​មតិ​របស់​អ្នក​បោះ​ឆ្នោត» នេះ​គឺ​ជា​ចំណងជើង​នៃ​ការ​ស្ទង់មតិ​ថ្នាក់​ជាតិ​ដែល​បាន​រៀបចំ​ឡើង​ដោយ​មូលនិធិ​អាស៊ី (The Asia Foundation)

រយៈពេល ២០​ថ្ងៃ គឺ​ចន្លោះ​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៤។

 

ក្នុង​រយៈពេល ២០​ថ្ងៃ​នៃ​ការ​ស្ទង់​មតិ​នេះ ពលរដ្ឋ​ដែល​ជា​អ្នក​បោះ​ឆ្នោត​ចំនួន ១​ពាន់​នាក់​មក​ពី​បណ្ដា​ខេត្ត​ក្រុង​ទូទាំង​ប្រទេស ត្រូវ​បាន​គេ​សាកសួរ​លើកលែង​តែ​ខេត្ត​កែប​មួយ​ចេញ។

 

​ការ​ស្ទង់​មតិ​បាន​ផ្ដោត​ទៅ​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​ចំណាប់​អារម្មណ៍​របស់​ពលរដ្ឋ​ទៅ​លើ​បញ្ហា​ធ្ងន់ធ្ងរ​បំផុត​នៅ​កម្ពុជា ឥរិយាបថ​របស់​ពលរដ្ឋ​ចំពោះ​ការ​គ្រប់គ្រង​នៅ​ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់​ជាតិ អំពី​គណបក្ស​នយោបាយ ការ​ផ្តល់​អំណាច​ឲ្យ​ស្ត្រី​ចូល​រួម​ក្នុង​វិស័យ​នយោបាយ ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣ ការ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​អំពី​ការ​ទទួល​បាន​ព័ត៌មាន​ជា​ដើម។

 

​ជា​លទ្ធផល ការ​ស្ទង់​មតិ​សន្និដ្ឋាន​ជា​រួម​ថា បើ​ទោះ​ជា​កម្ពុជា មាន​កំណើន​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​គួរ​ឲ្យ​កត់សម្គាល់​ក៏ដោយ ក៏​ពលរដ្ឋ​ភាគ​ច្រើន​និយាយ​ថា ប្រទេស​កម្ពុជា កំពុង​ដើរ​នៅ​លើ​ផ្លូវ​ខុស។ ក្នុង​នោះ​អ្នក​ឆ្លើយ​សំណួរ ៥៩% ឆ្លើយ​ថា កម្ពុជា​ដើរ​នៅ​លើ​ផ្លូវ​ខុស ខណៈ​ពលរដ្ឋ ៣២% យល់​ថា កម្ពុជា​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ។

 

​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត បញ្ហា​ពុករលួយ ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​គ្មាន​ទី​ជម្រក បញ្ហា​សុំ​ទាន និង​ពលកម្ម​កុមារ សុទ្ធសឹងតែ​ជា​បញ្ហា​ធ្ងន់ធ្ងរ​បំផុត​ដែល​ពលរដ្ឋ​គិត​ថា កម្ពុជា​កំពុង​ជួប​ប្រទះ។

 

​ផ្ទុយ​ទៅ​វិញ សម្រាប់​ពលរដ្ឋ​ដែល​គិត​ថា កម្ពុជា​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ ព្រោះ​តែ​ពួក​គេ​យល់​ឃើញ​ថា កម្ពុជា​មាន​ការ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ សាលារៀន អណ្ដូង ទឹក កំណើន​សេដ្ឋកិច្ច សន្តិភាព និង​សេរីភាព​ក្នុង​ការ​ដើរ​ហើរ​ជាដើម។

ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៣ វិញ ពលរដ្ឋ​ភាគ​ច្រើន​យល់​ថា ការ​បោះ​ឆ្នោត​មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​សេរី និង​យុត្តិធម៌​ឡើយ។ ពួកគេ​បាន​លើក​ឡើង​អំពី​ការ​បាត់​ឈ្មោះ​បោះឆ្នោត និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​រង​ឥទ្ធិពល​ពី​គណបក្ស​នយោបាយ​ជាដើម។

​យ៉ាងណាក៏ដោយ ការ​ស្ទង់​មតិ​រក​ឃើញ​ថា មាន​កត្តា​សំខាន់​២ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​គាំទ្រ​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា។ ទី​១ ពួកគេ​គិត​ថា កិច្ចព្រមព្រៀង​នយោបាយ​នោះ បើក​ផ្លូវ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​ឲ្យ​មាន គ.ជ.ប មួយ​ដែល​មិន​លំអៀង។ ទី​២ ដោយសារ​ពួកគេ​សង្ឃឹម​ថា គ.ជ.ប ថ្មី នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​មុន​ការ​បោះ​ឆ្នោត​លើក​ក្រោយ។

គួរបញ្ជាក់ផងដែរថា នេះ​គឺ​ជា​លើក​ទី​៣​ហើយ ដែល​មូលនិធិ​អាស៊ី បាន​រៀបចំ​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការ​ស្ទង់​មតិ​លើក​មុន ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០០ ​និង​ឆ្នាំ​២០០៣។

ប្រភព៖ www.rfa.org

 

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា