ត្រឡប់ក្រោយ

អាដ​ហុក បង្ហាញ​របាយ​ការណ៍​សេរី​ភាព​បញ្ចេញមតិ​ ឆ្នាំ​២០១៤​

នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២៨ សីហាម្សិលម៉ិញនេះ សមាគមអាដហុកបានចេញរបាយការណ៍មួយស្តីពីសេរីភាពបញ្ចេញមតិឆ្នាំ ២០១៤ នៅក្នុងប្រទេសកម្ពុជា ថាគឺជា​ឆ្នាំ​ដែល​អាក្រក់បំផុត​នៃ​ការ​រឹតត្បិត​ទៅ​លើ​សិទ្ធិ​សេរីភាព ក្នុងការបញ្ចេញមតិក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងមកនេះ។ នេះ គឺជាការលើកឡើងរបស់លោក នី ចរិយាប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្ស របស់សមាគម អាដហុក។ 

លោកបានលើកហេតុផលដោយផ្អែកលើរបាយការណ៍ថា ដោយសារក្នុងឆ្នាំ ២០១៤ នេះ អាជ្ញាធរបានបិទទីលានប្រជាធិបតេយ្យមិនឲ្យមានការជួបជុំ និងរាល់ការធ្វើបាតុកម្មដោយសន្តិវិធីត្រូវបានបង្ក្រាបដោយ ហិង្សារហូតមានបាតុករស្លាប់ និង របួសជាដើម។

លោក នី ចរិយា ក៏បានសង្កត់ធ្ងន់ថា សេរីភាពបញ្ចេញមតិនៅកម្ពុជាគឺ ស្ថិតក្នុងកណ្តាប់ដៃរបស់អ្នកនយោបាយ។ ប្រសិនបើអ្នកនយោបាយត្រូវរូវគ្នានោះ សេរីភាពបញ្ចេញមតិ ក៏ត្រូវបានបើកទូលាយផងដែរ។ ក្នុងនោះរដ្ឋាភិបាលបានរឹតបន្តឹងលើសារព័ត៌មានឯករាជ្យ និង ការធ្វើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសតាមអ៊ីនធើណីត។  
 
ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានច្រានចោលរបាយការណ៍នេះ។  លោក ទិត សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីបានច្រានចោលនូវ របាយការណ៍របស់សមាគមអាដហុកនេះ។ លោកបានបញ្ជាក់ប្រាប់ថារាល់ការបញ្ចេញមតិទាំងឡាយដែលស្ថិតក្រោមច្បាប់ និង មិនប៉ះពាល់ដល់សិទ្ធិអ្នកដទៃនោះ គឺមិនមានអ្នកណាហាមឃាត់នោះទេ។
 
ហើយកន្លងមកដោយសារសកម្មភាពមួយចំនួនបានបំពានច្បាប់ ទើបរដ្ឋាភិបាលមានវិធានការតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់។  លោក ទិត សុធា បានគូសបញ្ជាក់ថា ការប្រើប្រាស់សិទ្ធិបញ្ចេញមតិនៅកម្ពុជា គឺមានការបើកទូលាយ និង ផុលផុសណាស់នៅពេលបច្ចុប្បន្ន។

ដកស្រង់ពីគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសារចេញផ្សាយថ្ងៃទី២៨ សីហា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា