ត្រឡប់ក្រោយ

គណបក្ស​ទាំង​ពីរ​នឹង​កំណត់​ផែន​ការ​ច្បាស់​លាស់​ឲ្យ​ជប៉ុន​ជួយ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​

គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងកំណត់អំពីផែនការច្បាស់លាស់ដល់រដ្ឋាភិបាលជប៉ុន ក្នុងការស្នើសុំឲ្យជួយធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា សម្រាប់នីតិកាលទី៦ ប្រកប​ដោយ​យុត្តិ​ធម៌ និងត្រឹមត្រូវនោះ នៅក្រោយពីសភាអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការប្រព្រឹត្តទៅនៃ គ.ជ.ប និងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតរួចរាល់។

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លោក ឈាង វុន ឲ្យដឹងនៅថ្ងៃទី២៧ សីហា ថា ជប៉ុន នឹង​មក​ជួយ​រៀបចំធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា នេះ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្នើទៅលោកនាយករដ្ឋមន្ត្រីជប៉ុន កាលពីឆ្នាំ២០១៣។

លោកលើកឡើងថា ជប៉ុន នឹងជួយដល់ការធ្វើកំណែទម្រង់នេះ ដោយផ្អែកលើទី១ ឆន្ទៈនយោបាយរបស់គណបក្សទាំងពីរបានព្រមព្រៀងគ្នា។ ទី២ ត្រូវបណ្ដុះបណ្ដាលធនធាន​មនុស្ស​ឲ្យចេះរៀប​ចំការ​បោះ​ឆ្នោត​តាម ប្រព័ន្ធអេឡិចត្រូនិក និងទី៣ ស្នើសុំជំនួយថវិកា ដើម្បីរៀបចំកិច្ចការនេះ។

ការលើកឡើងរបស់ លោក ឈាង វុន នេះ នៅបន្ទាប់ពីគណៈប្រតិភូជប៉ុន ដឹកនាំដោយអនុប្រធានព្រឹទ្ធសភា លោក អាហ្ស៊ូម៉ា កួស៊ិអ៊ីស៊ិ (Azuma Koshiishi) បានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជួប​មេ​ដឹក​នាំគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែសីហា កន្លងទៅ។

រីឯមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ក្រុមការងារគណបក្សទាំងពីរខិតខំពន្លឿនសេចក្ដីព្រាងច្បាប់បឋម នៃសេចក្ដីស្នើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មា​ធិការជាតិរៀបចំការបោះឆ្នោត ដើម្បីឈានដល់បញ្ជូនឲ្យសភាអនុម័ត។ ហើយនៅក្រោយពេលសេចក្ដីព្រាងច្បាប់ទាំងនេះ និងការរៀបចំក្បាលម៉ាស៊ីនដឹកនាំ គ.ជ.ប ថ្មី ដែលមកពីខាងគណបក្សទាំងពីរម្ខាង ៤នាក់ និងមកពីសង្គមស៊ីវិលមួយរូបនោះ គណបក្សទាំងពីរនឹងជជែកថា តើចំណុចអ្វីខ្លះដែលគណបក្សទាំងពីរចង់ឲ្យជប៉ុន ជួយរៀបចំធ្វើកំណែទម្រង់ការបោះឆ្នោតនោះ។

ដកស្រង់ពីគេហទំព័រវិទ្យុអាស៊ីសេរីជាខេមរភាសារចេញផ្សាយថ្ងៃទី២៧ សីហា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា