ក្រុមការងារចរចាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានជួបប្រជុំគ្នា រៀងរាល់ថ្ងៃចន្ទ។ ជាកិច្ចប្រជុំ ដើម្បីនិយាយពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ច្បាប់រៀបចំបង្កើតគជបថ្មី និងវិសោធនកម្មច្បាប់បោះឆ្នោត។ នេះបើតាមលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលបានលើកឡើង។ ហើយមកដល់ពេលនេះ សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ បានទៅដល់រដ្ឋធម្មនុញ្ញហើយ។ ដូច្នេះការរៀបចំគជបថ្មី រួមទាំងវិសោធនកម្មច្បាប់បោះឆ្នោត និងរដ្ឋធម្មនុញ្ញ អាចបញ្ចប់សព្វគ្រប់នៅក្នុងខែតុលា ឬក៏ខែវិច្ឆិកា ឆ្នាំ២០១៤។
ជាមួយគ្នានោះ លោក ឈាង វុន អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យរដ្ឋសភា បានលើកឡើងថា ការចរចារវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ លើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការរៀបចំច្បាប់បង្កើតគជបថ្មី និងវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានគណបក្សទាំងពីរ ធ្វើយ៉ាងប្រញាប់ហើយ។ ការងារនោះ នឹងអាចចប់រួចរាល់ ហើយរដ្ឋសភា ប្រជុំបោះឆ្នោតអនុម័ត នៅពេលរដ្ឋសភាចូលកងវិញ នាដើមខែតុលាខាងមុខ។
ការលើកឡើងខាងលើរបស់តំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ខាងលើនេះ បានធ្វើឡើងខណៈដែល គជប បានប្រកាសពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៤ ដែលនឹងចាប់ផ្តើម ចាប់ពីថ្ងៃទី១៦កញ្ញា ដោយការចុះឈ្មោះអ្នកសង្កេតការណ៍។ ចំណែកការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ ធ្វើឡើងចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី២០ ខែតុលា។ ការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោត ឆ្នាំ២០១៤ ដោយគជប នឹងធ្វើឡើង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។
ដកស្រង់ពីគេហទំព័រCEN ចេញផ្សាយថ្ងៃទី៣០ សីហា ឆ្នាំ២០១៤។