ត្រឡប់ក្រោយ

ក្រុម​ប្រឹក្សា​ស្រុក​ និង​ខេត្ត​​​បក្ស​សង្គ្រោះជាតិ​ ​ ស្នើ​ឲ្យ​​ក្រសួង​មហាផ្ទៃ ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​បង្កើត​ និង​ប្រព្រឹត្ត​ទៅ​របស់​គណៈ​កម្មាធិការ​ចំនួន​បី​នៅ​ថ្នាក់​ខេត្ត​និង​ស្រុក

សមាជិក​ក្រុម​ប្រឹក្សាស្រុក និងខេត្តរបស់គណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពង់ឆ្នាំង ស្នើឲ្យក្រសួងមហាផ្ទៃ ពិនិត្យមើលឡើងវិញនូវការបង្កើត និងប្រព្រឹត្តទៅរបស់គណៈកម្មាធិការចំនួនបីនៅថ្នាក់ខេត្តនិងស្រុក គឺគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ គណៈកម្មាធិការកិច្ចការសម្របសម្រួលបច្ចេកទេស និងគណៈកម្មាធិការលទ្ធកម្ម។

មន្ត្រីគណបក្សប្រឆាំងបដិសេធមិនគាំទ្រគណៈកម្មាធិការទាំងបីដែល បានបង្កើតឡើងនេះ ដោយយល់ថា ពុំមានតម្លាភាព និងមិនឆ្លុះបញ្ចាំងពីលទ្ធិប្រជាធិបតេយ្យ និងកំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​កិច្ច​ការ​សាធារណៈ​នៅ​ថ្នាក់ក្រោមជាតិ។ ដោយ​ចង់ឲ្យមានសមាសភាពនៃគណៈកម្មាធិការទាំងបី មកពីគ្រប់គណបក្សនយោបាយដែលមានអាសនៈក្នុងក្រុមប្រឹក្សា ហើយរាល់ការប្រជុំអនុម័តថវិកាចំណូល និងចំណាយរបស់​រដ្ឋ​បាល​ខេត្ត​ក្រុង ឬស្រុកនៅក្នុងខេត្តនេះ ត្រូវតែផ្ដល់របាយការណ៍ និងមានការពន្យល់ច្បាស់លាស់ជូនសមាជិកក្រុមប្រឹក្សាទាំងមូល។

សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នៃគណបក្សសង្គ្រោះជាតិ លោក កែវ ថៃ ថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅព្រឹកថ្ងៃទី៣១ ខែសីហា ថា ត្បិត​គណបក្សលោកមានសំឡេងភាគតិចក្នុង​ក្រុមប្រឹក្សាដែល​មិន​អាច​បោះឆ្នោតជាប់ចូលទៅក្នុងសមាជិក នៃគណៈកម្មាធិការទាំងបី ប៉ុន្តែលោកចង់ឲ្យមានការសម្របសម្រួលផ្ទៃក្នុងដាក់បញ្ចូលក្រុម ប្រឹក្សារបស់ខ្លួនយ៉ាងហោចណាស់សមាជិកមកពីគណបក្សប្រឆាំង ១រូប​ក្នុង​ជួរ​គណៈ​កម្មាធិការនីមួយៗ ដើម្បីឲ្យមានតម្លាភាពនៅថ្នាក់មូលដ្ឋាន។

លោកថា កន្លងទៅគ្រប់ព័ត៌មានទាក់ទងនឹងការចំណាយថវិកា និងគម្រោងអភិវឌ្ឍន៍នានារបស់គណៈកម្មាធិការទាំងបី គឺមានភាពអាថ៌កំបាំង ហើយការប្រជុំរបស់ក្រុមប្រឹក្សាខេត្ដដើម្បីអនុម័តលើគម្រោងទាំងនោះ ធ្វើឡើងយ៉ាងតក់ក្រហល់។

ទាក់ទងបញ្ហានេះ ប្រធានក្រុមប្រឹក្សាខេត្តមកពីគណបក្សប្រជាជនកម្ពុជា លោកស្រី ដោក សុទ្ធា ថ្លែងបញ្ជាក់យ៉ាងខ្លីថា គណៈកម្មាធិការទាំងបីត្រូវបានបង្កើតឡើង និងអនុម័តរួចហើយ គឺតាំងពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ដូច្នេះខាងក្រុមប្រឹក្សាមិនអាចរុះរើឡើងវិញបានឡើយ។

ដកស្រង់ពីគេហទំព័រវិទ្យុអាស៊ីសេរីជាខេមរភាសារចេញផ្សាយថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ២០១៤។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា