ត្រឡប់ក្រោយ

កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង​នៃ​សន្និ​សីទ​ប្រឆាំង​ អំពើ​ពុក​រលួយ​ក្នុង​តំបន់​អា​ស៊ី​ប៉ាស៊ី​ហ្វិក​​

កម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៃសន្និសីទប្រឆាំង អំពើពុករលួយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សន្និសីទនេះមានមន្ត្រីជំនាញប្រឆាំងអំពើពុករលួយមកពី៣៥ប្រទេស ចូលរួមពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា ដើម្បី​ចង​ក្រង​ជាយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយនៅពេលខាងមុខ។

សន្និសីទប្រឆាំងអំពើពុករលួយលើកទី៨ នឹងចាប់ផ្ដើមដំណើរការនៅថ្ងៃទី៣ ខែកញ្ញា។ ប៉ុន្តែនៅព្រឹកថ្ងៃទី២ ខែកញ្ញា ក្រុមការងារនៃប្រទេសជាសមាជិកទាំងអស់ បើកកិច្ចប្រជុំមួយជាមុនសិន មុន​នឹង​សម្រេច​បើក​សន្និ​សីទ​ជា​ផ្លូវ​ការ​នោះ។ ​ក្នុង​កិច្ច​ប្រជុំ​នោះ ភាគីក្រុមការងារនៃប្រទេសជាសមាជិកទាំងអស់ជជែកគ្នាត្រង់ទៅត្រង់ មកពីបញ្ហាពុករលួយដែលកើតមានក្នុងប្រទេសរបស់ខ្លួនទាំងអស់ រាប់ទាំងពី​ប្រសិទ្ធ​ភាព​នៃ​ការ​ប្រឆាំង​អំពើពុករលួយ និងមូលហេតុដែលធ្វើឲ្យពលរដ្ឋរបស់ខ្លួនមិនមានជំនឿចិត្តលើ ប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋ។

ក្នុងកិច្ចប្រជុំក្រុមការងារនោះ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយអនុញ្ញាតឲ្យអ្នកសារព័ត៌មានស្តាប់ តែខ្លឹមសារបើកអង្គប្រជុំប៉ុណ្ណោះ ហើយមិនអនុញ្ញាតឲ្យអង្គុយស្តាប់ខ្លឹមសារលំអិតឡើយ។

ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លោក តុប សំ មានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំនៅកម្ពុជាលើកនេះ ជាការចែករំលែកបទពិសោធន៍រវាងប្រទេសជាសមាជិកលើប្រធានបទ ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ និងចងក្រងគ្នាជាប្រព័ន្ធដើម្បីទប់ស្កាត់អំពើពុករលួយឆ្លងដែន។

សន្និសីទប្រឆាំងអំពើពុករលួយលើកទី៨ ឧបត្ថម្ភដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍។ មន្ត្រីធនាគារអភិវឌ្ឍន៍អាស៊ីឲ្យដឹងថា សន្និសីទឆ្នាំ​នេះមាន​គោល​បំណង​ស្តារ​ទំនុក​ចិត្តរបស់ពលរដ្ឋចំពោះ រដ្ឋាភិបាលវិស័យឯកជននិងសង្គមស៊ីវិល។ សន្និសីទនេះ ក៏ធ្វើឡើងដើម្បីរួមគ្នារកដំណោះស្រាយរួមដើម្បីឆ្លើយតបចំពោះ បញ្ហាពុករលួយនៅអាស៊ីប៉ាស៊ីហ្វិក។

សន្និសីទនេះក៏នឹងបើកឲ្យពលរដ្ឋទូទៅចូលរួមស្ដាប់ដែរ ប៉ុន្តែអ្នកដែលមានបំណងចូលរួមស្ដាប់អាចទៅទាក់ទងអង្គភាពប្រឆាំង អំពើពុករលួយបាន ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ថ្លែង​សុន្ទ​រក​ថា​បើក​សន្និ​សីទ​នៅថ្ងៃទី៣ ខែកញ្ញា។

ប្រភពពីគេហទំព័រវិទ្យុអាស៊ីសេរីជាខេមរភាសារចេញផ្សាយថ្ងៃ០២ កញ្ញា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា