ត្រឡប់ក្រោយ

ក្រុមចរចា៖ ព្រមព្រៀងគ្នាត្រង់មាត្រាចែងពីតួនាទីគណៈកម្មការឃុំរៀបចំការបោះឆ្នោត

ក្រុមការងារចម្រុះនៃគណបក្សទាំងពីរបញ្ចប់កិច្ចប្រជុំពិភាក្សា លើសេចក្ដីស្នើច្បាប់ស្ដីពីការរៀបចំនិងប្រព្រឹត្តទៅរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រង់មាត្រាដែលចែងពីតួនាទីនិងភារកិច្ចរបស់គណៈកម្មការឃុំ សង្កាត់ និង ការិយាល័យ រៀប​​ចំការបោះឆ្នោត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅវិមានរដ្ឋសភានៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤។

យោងតាមសារព័ត៌មានវិទ្យុអាស៊ីសេរីបានឲ្យដឹងថា កិច្ចប្រជុំនេះមិនត្រូវបានទទួលការចាប់អារម្មណ៍ច្រើនពីបណ្ដាញ សារព័ត៌មានជាតិនិងអន្តរជាតិឡើយ។ ប្រជុំមួយល្ងាចពេញ មានអ្នកកាសែតតែម្នាក់គត់ដែលចាំយកព័ត៌មានពីលទ្ធផលនៃកិច្ចប្រជុំ នេះ គឺ​អ្នក​យក​ព័ត៌​មានវិទ្យុអាស៊ីសេរី។

ជាលទ្ធផល ភាគីទាំងពីរព្រមព្រៀងគ្នាលើមាត្រាមួយចំនួននៃសេចក្ដីស្នើច្បាប់ ចែងពីតួនាទីគណៈកម្មការឃុំរៀបចំការបោះឆ្នោត។ មាត្រានោះចែងថា គណៈកម្មការឃុំរៀបចំការបោះឆ្នោតត្រូវជ្រើសតាំងដោយក្រុមការងារដែល ស្ថិតក្រោម​សមត្ថ​កិច្ច​គណៈ​កម្ម​ការ​ខេត្តរៀបចំការបោះឆ្នោត ហើយមាន គ.ជ.ប ជាអ្នកទទួលខុសត្រូវ។ នៅពេលដែលមានការដកហូត ឬបញ្ឈប់តំណែងបុគ្គលនេះ ចាំបាច់ត្រូវមានការព្រមព្រៀងជាលាយលក្ខណ៍អក្សរពី គ.ជ.ប។ យន្តការនៃការដកហូតតួនាទីទាំងអស់នេះ ត្រូវ​ស្នើ​ឡើង​ដោយ​គណៈកម្មការខេត្តរៀបចំការបោះឆ្នោត។

ប្រធានក្រុមចរចាគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បញ្ជាក់ថា ភាគីទាំងពីរនឹងបញ្ចប់ការរៀបចំច្បាប់ស្ដីពីការរៀបចំនិងប្រព្រឹត្ត ទៅនៃ គ.ជ.ប នេះត្រឹមថ្ងៃទី២៩ ខែកញ្ញា។ ហើយក្រុមការងារនៃគណបក្សទាំងពីរនឹងជជែកគ្នាពីសេចក្ដីស្នើច្បាប់នេះ ត្រង់មាត្រាដែលនិយាយពីតួនាទីនិងភារកិច្ចរបស់មន្ត្រីការិយាល័យ បោះឆ្នោត។

ចំណែកប្រធានក្រុមចរចាគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន វិញលើកឡើងថា ភាគីទាំងពីរជជែកគ្នាលំអិតរួចហើយពីសេចក្ដីស្នើច្បាប់នេះដើម្បី ធានាថា អ្នកដែលកាន់ការជាមន្ត្រីបោះឆ្នោតតាំងពីថ្នាក់លើដល់ក្រោមនោះ អាចបំពេញការងារ​ដោយ​តម្លា​ភាព។

ភាគីទាំងពីរជួបប្រជុំគ្នាលើបញ្ហានេះក្នុង១សប្ដាហ៍ម្ដង ប៉ុណ្ណោះ។ នៅសប្ដាហ៍ទី២ និងទី៣ នៃខែកញ្ញា នេះ ក្រុមការងារចម្រុះនៃបក្សទាំងពីរសម្រេចផ្អាកការប្រជុំសិន ក្រោមហេតុផលជាប់រវល់ការងារផ្សេងនិងជាប់ធ្វើបុណ្យភ្ជុំ។

ដកស្រង់ពីគេហទំព័ត៌វិទ្យុអាស៊ីសេរីជាខេមរភាសាចេញផ្សាយថ្ងៃទី០៨ កញ្ញា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា