ត្រឡប់ក្រោយ

​តំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ​ ប្រកាស​គម្រោង​ត្រួត​ពិនិត្យ​មើល​បុគ្គលិក​ក្នុង​ស្ថាប័ន​រដ្ឋ​សភា ​ដែ​លមិន​មក​ធ្វើ​ការ ​ហើយ​ចាំ​តែ​បើក​ប្រាក់​ខែ​

«ក្នុងចំណោមបុគ្គលិករដ្ឋសភាជាតិជាង ២ ពាន់នាក់ មានអ្នកមកធ្វើការរាល់ថ្ងៃតែខ្ទង់ ៣០០ នាក់ ទៅ៤០០ នាក់តែប៉ុណ្ណោះ»។ នេះគឺជាការចោទប្រកាន់របស់លោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ អនុប្រធានគណៈកម្មការ សេដ្ឋកិច្ច បានអះអាងថា ទម្លាប់បុគ្គលិកដែលមានឈ្មោះចាំតែបើកប្រាក់ខែ ហើយមិនមកធ្វើការនៅក្នុងរដ្ឋសភា បានកើតឡើងតាំងពីយូរយាណាស់មកហើយ តែគ្មាននរណាកែប្រែបាននោះទេ ។ លោកថា កន្លងមកជាញឹកញាប់ រូប​លោកតែងតែស្នើ​សុំបញ្ជីឈ្មោះ​បុគ្គ​លិក​​ស្ថាប័នកំពូលមួយនេះ តែខាងអគ្គលេខាធិការមិនបានផ្តល់ជូនរូបលោកឡើយ។

លោក សុន ឆ័យ បន្តថា៖ «ខ្ញុំនឹងសើរើរឿងនេះក្នុងអាណត្តិនេះឲ្យបាន ព្រោះគាត់មានសមត្ថភាពអាចធ្វើបាន។ កន្លងទៅ ខ្ញុំធ្លាប់សួរបញ្ជីឈ្មោះទីប្រឹក្សាលោក ងួល ញិល ដែលមានទីប្រឹក្សាដល់ទៅ ៧០ នាក់ ភាគច្រើនជាបងប្អូនរបស់គាត់»។

មន្ត្រីដែលបម្រើការងារនៅក្នុងស្ថាប័ននេះជាច្រើនរូប និងជាអ្នកមកធ្វើការរាល់ថ្ងៃនោះ បានប្រាប់សារព័ត៌មានថ្មីៗ ដោយមិនបញ្ចេញឈ្មោះថា ពួកគេមិនពេញចិត្តនឹងទិដ្ឋភាពបច្ចុប្បន្នឡើយ។ ពួកគេបន្តថា នៅក្នុងស្ថាប័នរដ្ឋសភានេះ មានបុគ្គលិកច្រើន​ណាស់​ដែល​ជា​សែស្រឡាយអ្នកធំ ដែលមិនមកធ្វើការ ហើយចាំតែបើកប្រាក់ខែ។ « បច្ចុប្បន្ន បុគ្គលិកមានដល់ទៅ១៣២៨ នាក់ តែមកធ្វើការតែ ៤ ទៅ ៥ រយនាក់បុណ្ណោះ។ មួយបន្ទប់បើបុគ្គលិកមាន ១៥ នាក់ មកធ្វើការតែ ៣ ទៅ ៤ នាក់ប៉ុណ្ណោះ»។ នេះជា​ការ​បញ្ជាក់​របស់មន្ត្រីទាំងនោះ។

ជុំវិញការចោទប្រកាន់នេះ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសនិងឃោសនាការនៃរដ្ឋសភា បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ដោយបង្វែរសំណួរនេះទៅលោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភាវិញ។

ចំណែកលោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋភា ក៏មិននិយាយច្រើននោះដែរ។ « ខ្ញុំមិនដឹងថា បុគ្គលិកបច្ចុប្បន្នប៉ុន្មាននាក់ទេ។ ចាំថ្ងៃក្រោយទៅ ថ្ងៃនេះខ្ញុំរវល់ណាស់ បានហើយ» ។ នេះជាការបន្ថែមរបស់លោក ឡេង ប៉េងឡុង។

ប្រភពពីគេហទំព័រថ្មីៗចេញផ្សាយថ្ងៃ០៨ កញ្ញា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា