អង្គការក្រៅរដ្ឋាភិបាលទទូចស្នើឲ្យមានការបើកទូលាយនូវព័ត៌មានស្តី ពីច្បាប់ថវិកាជាតិប្រចាំឆ្នាំ ដែលកំពុងតែត្រូវបានរឹតត្បិត ដើម្បីធានាថា រាល់ការចំណាយលើវិស័យនីមួយៗនឹងមានតម្លាភាព ហើយអនុវត្តចំគោលដៅក្នុងការអភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្រ។
លោក តឹក វណ្ណារ៉ា ប្រធានអង្គការ NGO Forum បានថ្លែងនៅក្នុងសិក្ខាសាលាស្តីពីតម្លាភាពនៃថវិកាជាតិ ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញថា នៅថ្នាក់ជាតិ គោលនយោបាយបានដាក់វិស័យមួយចំនួនជាអាទិភាព មានកសិកម្ម អប់រំ សុខាភិបាល ប៉ុន្តែនៅពេលអនុម័តច្បាប់ថវិកាជាតិប្រចាំឆ្នាំនីមួយៗ វិស័យទាំងនេះ មិនមែនជាអាទិភាពទេ។
កាលពី ឆ្នាំ២០១១ រដ្ឋាភិបាលនិងរដ្ឋសភាធ្លាប់បានផ្តល់សេចក្តីព្រាងច្បាប់ថវិកាជាតិ ឲ្យសង្គមស៊ីវិលដើម្បីផ្តល់អនុសាសន៍ និងត្រួតពិនិត្យ។ ប៉ុន្តែក្រោយមក មានការរឹតត្បិតមិនឲ្យសង្គមស៊ីវិលចូលរួមធ្វើសេចក្តីព្រាង និងផ្តល់អនុសាសន៍នោះឡើយ។
ច្បាប់ថវិកាជាតិសម្រាប់ ឆ្នាំ២០១៤ ដែលមានទឹកប្រាក់ចំនួន ៣,៤ ពាន់លានដុល្លារត្រូវបានរដ្ឋសភាអនុម័ត កាលពី ខែវិច្ឆិកា ឆ្នាំមុនដែលចំនួនថវិកាមានការកើនឡើង ៤០០ លានដុល្លារបើធៀបទៅនឹង ឆ្នាំ២០១៣។ កំណើនថវិកាជាតិឆ្នាំនេះ គឺឃើញកើនលើ វិស័យអប់រំ វិស័យសន្តិសុខ និងការពារជាតិ។
មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាពីគណបក្សប្រជាជន មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានទេកាលពីម្សិលមិញ។ ប៉ុន្តែលោក សុន ឆ័យ អនុប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភាពីគណបក្សសង្គ្រោះជាតិ បានថ្លែងថា លោកគាំទ្រការចូលរួមពីសង្គមស៊ីវិលដើម្បីផ្តល់ការពិគ្រោះយោបល់លើ ថវិកាជាតិ ហើយថា ចាប់ពីពេលនេះទៅ គណបក្សសង្គ្រោះជាតិ នឹងចែករំលែកព័ត៌មានជូនសង្គមស៊ីវិល។
ដកស្រង់ពីគេហទំព័រភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៤។