ត្រឡប់ក្រោយ

សង្គម​ស៊ីវិល​ដាក់​អនុសាសន៍​១២ចំនុច​ទៅ​គណបក្សទាំងពីរ ដើម្បី​ឲ្យ​ការ​អនុវត្តកិ​ច្ច​ព្រម​ព្រៀង​នយោបាយ ធានា​ឲ្យ​បាន​នូវប្រសិទ្ធភាពការអនុវត្ត​

អនុសាសន៍អាទិភាពទាំង ១២ចំណុច ដែលក្រុមការងារអង្គការសង្គមស៊ីវិលផ្តល់ឲ្យគណបក្សនយោបាយទាំងពីរ នោះ រួមមាន៖ ការអនុវត្តដោយប្រសិទ្ធភាពនូវកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត  រដ្ឋសភា  ស្ថាប័នរដ្ឋាភិបាល  តម្លាភាព ក្នុង​តួនាទី និងដំណើរការនៃស្ថាប័ននីតិប្បញ្ញត្តិ  ការធានាការបែងចែកអំណាចសំខាន់ៗទាំង៣ គឺស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ  ការធានានូវការពិនិត្យឡើងវិញនូវច្បាប់ទាំង៣ ពាក់ព័ន្ធតុលាការ  ការធានាឯករាជ្យភាព អព្យា​ក្រឹត្យ​ភាព​កង​កម្លាំង​ប្រដាប់​អាវុធ និងស្ថាប័នរដ្ឋាភិបាល  ការលើកទឹកចិត្តការចូលរួមរបស់សង្គមស៊ីវិល និងពលរដ្ឋ ក្នុងដំណើរការអភិវឌ្ឍន៍គោលនយោបាយជាតិ  ការបង្កើតគោលនយោបាយប្រាក់ឈ្នួលអប្បបរមាសម្រាប់មន្ត្រី និងបុគ្គលិកសាធារណៈ  ការធានាគុណភាព និង​សេវា​សាធារណៈ  ការលើកកម្ពស់គណនេយ្យភាព និងអភិបាលកិច្ចល្អ  ការការពារសិទ្ធិមនុស្ស និងការលើកកម្ពស់ការការពារបរិស្ថាន ជាដើម។

លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រុមការងារអង្គការសង្គមស៊ីវិលថ្លែងថា សង្គមស៊ីវិលស្វាគមន៍នូវកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ពីការប្ដេជ្ញាចិត្តក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍដោយនិរន្តរភាពនៅកម្ពុជា។ តែទោះជាយ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលសង្កេតឃើញថា កិច្ចព្រមព្រៀងនោះនៅតែមានវិសាលភាពទូលំទូលាយ សម្រាប់គណបក្សទាំងពីរក្នុងការធានាឲ្យបាននូវប្រសិទ្ធភាពនៃការ អនុវត្ត​របៀបវារៈអភិវឌ្ឍន៍ជាតិ។

ប្រធានផ្នែកកិច្ចការទំនាក់ទំនង និងអភិវឌ្ឍន៍សមាជិកភាពនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ថា ស៊ី.ស៊ី.ស៊ី (CCC)  កញ្ញា ស៊ិន ពុទ្ធារី ឲ្យដឹងបន្ថែមថា អនុសាសន៍អាទិភាពទាំង ១២ចំណុចនោះ គឺបានមកពីការពិគ្រោះ​យោបល់​របស់​ក្រុម​ការងារសង្គមស៊ីវិលប្រមាណជិត ២០០ រួចប្រមូលយកអនុសាសន៍រួម ដើម្បីដាក់ជូនគណបក្សនយោបាយ។ កញ្ញា ស៊ិន ពុទ្ធារី ជឿជាក់ថា អនុសាសន៍ទាំងនេះនឹងរួមចំណែកជួយគណបក្សនយោបាយ និងរដ្ឋាភិបាល កែលំអគោលនយោបាយ​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បីអភិវឌ្ឍកម្ពុជា ប្រកបដោយនិរន្តរភាព។

ក្រុមអង្គការសង្គមស៊ីវិលថ្លែងដែរថា ពួកគេត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាដៃគូអភិវឌ្ឍន៍ពិតប្រាកដរបស់គណបក្សនយោបាយ និងរដ្ឋាភិបាល តាមរយៈធ្វើជាអ្នកតស៊ូមតិ អ្នកអនុវត្តន៍ អ្នកពង្រឹងសមត្ថភាព និងជាអ្នកឃ្លាំមើល។

វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបពីមន្ត្រីគណបក្សប្រជាជនកម្ពុជា បាននៅឡើយជុំវិញការស្នើសុំរបស់សង្គមនេះ។

ដកស្រង់ពីគេហទំព័រវិទ្យុអាស៊ីសេរីជាខេមរភាសាចេញផ្សាយថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា