លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជននិងកីឡា នឹងចូលបំភ្លឺនៅចំពោះមុខតំណាងរាស្ដ្រ នៅគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និង ទេសចរណ៍ របស់រដ្ឋសភា នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ ។ ជាការឆ្លើយបំភ្លឺ នឹងសមាជិករដ្ឋសភានៃគណៈកម្មការ ជំនាញ ជុំវិញកំណែទម្រង់វិស័យអប់រំ ពិសេសការប្រឡងបាក់ឌុបថ្មីៗនេះ ។
លោកយ៉ែម បុញ្ញឫទ្ធិ តំណាង រាស្ដ្រគណបក្សសង្គ្រោះជាតិ និងជា ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និង ទេសចរណ៍ របស់រដ្ឋសភា បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ លោកបានសរសេរ លិខិតមួយច្បាប់តាមរយៈសម្ដេចប្រធាន រដ្ឋសភា ដើម្បីកោះអញ្ជើញរដ្ឋមន្ដ្រី ក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន មកបំភ្លឺនៅគណៈកម្មការជំនាញរបស់រដ្ឋសភា ដែលមានតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៧កញ្ញា ជុំវិញកំណែ ទម្រង់វិស័យអប់រំ និងការរឹតបន្ដឹង ពេលប្រឡងបាក់ឌុប កាលពីថ្ងៃទី ៤ សីហា ។ លោករដ្ឋមន្ដ្រីបានឆ្លើយតប យល់ព្រមតាមសំណើនេះ។
លោកយ៉ែម បុញ្ញឫទ្ធិ បាន បញ្ជាក់ថាកំណែទម្រង់វិស័យអប់រំ បើធ្វើតែនៅថ្នាក់លើនឹងពិបាក ។ ដូច្នេះ លោកនឹងពិនិត្យលម្អិតជាមួយរដ្ឋមន្ដ្រី ក្រសួងអប់រំ នៅថ្ងៃ១៧កញ្ញា សបា្ដហ៍ ក្រោយ អំពីកំណែទម្រង់អប់រំ ។
លោកបានលើកឡើងនូវការ យល់ឃើញ៥ចំណុច អំពីកំណែទម្រង់វិស័យអប់រំ ដែលរួមមានៈ គុណភាពគ្រូ បង្រៀន, គុណភាពកម្មវិធីសិក្សា, គុណភាពសិស្សផ្ទាល់ខ្លួន, គុណភាព មធ្យោបាយសិក្សា និងគុណភាពសង្គម ។ ក្នុងនោះក៏ត្រូវមានការគិតគូរពីប្រាក់ខែ គ្រូបង្រៀនឱ្យបានសមរម្យផងដែរ ទើប មានគុណភាពក្នុងវិស័យអប់រំ ។
ដកស្រង់ពីគេហទំព័ររស្មីកម្ពុជាចេញផ្សាយថ្ងៃ១៥ កញ្ញា ឆ្នាំ២០១៤។