ត្រឡប់ក្រោយ

ប្រធានរដ្ឋសភាកម្ពុជា ដឹកនាំប្រតិភូ​ចូលរួម​​​មហា​​សន្និបាត ​អន្តរ​សភា​អាស៊ាន​ នៅ​រដ្ឋ​ធានី​វៀង​ចន្ទន៍​

តបតាមការអញ្ជើញរបស់លោកស្រី ប៉ានី យ៉ាថូទូ (Pany yathotou ) ប្រធានសភា នៃ សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤នេះ លោក​ ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃ​រដ្ឋ​សភា ទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ និងជាមិត្តភាព នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ នឹងអញ្ជើញចូលរួម មហាសន្និបាត អន្តរសភាអាស៊ាន (អាយប៉ា) លើកទី ៣៥ ចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែកញ្ញា ឆ្នាំ២០១៤។

ក្នុងអំឡុងពេលទស្សនកិច្ច ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកញ្ញា គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា នឹងជួបពិភាក្សាទ្វេភាគី និងជួបសវនាការ សម្តែងការគួរសមជាមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសឡាវ មាន៖

-ជួបពិភាក្សាទ្វេភាគី ជាមួយលោកស្រី ប៉ានី យ៉ាថូទូ (Pany yathotou )ប្រធានសភា នៃ សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ។
-ជួបសវនាការ និងសម្តែងការគួរសម ជាមួយលោក ថងស៊ីង ថាំម៉ាវង្ស ( Thongsing  Thammavong) នាយករដ្ឋមន្ត្រីឡាវ ។
-ជួបពិភាក្សា និងសម្តែងការគួរសម ជាមួយលោក ជុំម៉ាលី សៃយ៉ាសន ( Choummaly Savasone) ប្រធានរដ្ឋឡាវ ។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ និងមិត្តភាពរួចមក លោកហេង សំរិន ក៏នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមសន្និបាត អន្តរសភាអាស៊ាន (អាយប៉ា) លើកទី២៥ ដែលប្រទេសឡាវ ធ្វើជាម្ចាស់ផ្ទះ ដែល​មាន​កម្ម​វិធី​សំខាន់ៗ​មាន៖
-ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិអាយប៉ា។

-ចូលរួមក្នុងជំនួប សវនាការជាមួយប្រធានរដ្ឋសភា នៃបណ្តាប្រទេសជាសមាជិក អាយប៉ា ទាំង១០ប្រទេស , គណៈប្រតិភូប្រទេសអ្នកសង្កេតការណ៍, អគ្គលេខាធិការអាយប៉ា, អគ្គលេខាធិការអាស៊ាន , អគ្គលេខាធិការ IPU ក្រោមអធិបតីលោកស្រី ប៉ានី​យ៉ា​ថូ​ទូ ប្រធានអាយប៉ា លើកទី៣៥ និងជាប្រធានសភាឡាវ។
-ចូលរួមពិធីបើកជាផ្លូវការ មហាសន្និបាតអាយប៉ា លើកទី៣៥។

ប្រភពពីគេហទំព័រCEN ចេញផ្សាយថ្ងៃទី​១៣ កញ្ញា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា