ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា លោក យ៉ែម បុញ្ញាឬទ្ធិ បានទាមទារឲ្យក្រសួងអប់រំ ត្រូវអនុវត្តតាមអនុសាសន៍ចំនួន៥ ទៅក្នុងកម្មវិធីកំណែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាល កម្ពុជាអាណត្តិទី៥។
ថ្លែងនៅចំពោះអ្នកកាសែត ក្រោយបញ្ចប់កិច្ចពិភាក្សាជាមួយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអបរំ នៅល្ងាចថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០១៤នេះ លោក យ៉ែម បុញ្ញាឬទ្ធិ បញ្ជាក់ថាលក្ខខណ្ឌមួយចំនួននោះរួមមាន ពង្រឹងការសិក្សារបស់សិស្ស ពង្រឹងសមត្ថភាព គ្រូនិងគិតគូររឿងប្រាក់ខែរបស់គ្រូជាដើម។
លោកបន្តថាលោកគាំទ្រ នូវកំណែទម្រង់ របស់រាជរដ្ឋាភិបាលដែលអនុវត្ត ដោយលោក រដ្ឋមន្ត្រីក្រសួងអប់រំថ្មី ហើយដើម្បីឲ្យវិស័យមួយនេះកាន់តែមានភាពល្អប្រសើរនោះ គណៈកម្មការទី៧ ទាមទារឲ្យក្រសួងអប់រំ បញ្ចូលកំណែទម្រង់ ៥ចំណុចបន្ថែមទៀត។
លោកថាកត្តាទាំង៥ ចំណុចនោះ រួមមានទី១.គុណភាពគ្រូបង្រៀន ទី២.គុណភាពសិស្ស ទី៣.គុណភាពមធ្យោបាយ ទី៤.គុណភាពកម្មវិធីសិក្សា និងទី៥.គុណភាពសង្គម ដែលប្រអប់ទាំងអស់ហ្នឹង គឺយើងត្រូវលម្អិតបន្ថែម ដែលខ្ញុំបានស្នើឲ្យ លោករដ្ឋមន្ត្រីជួយផ្តល់ថវិកា ពិសេសប្រាក់ខែលោកគ្រូ អ្នកគ្រូ ដើម្បីឲ្យពួកគាត់មានការរស់នៅសមរម្យនិងជួយពង្រឹង វិស័យអប់រំរបស់យើងឲ្យកាន់តែល្អ។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីកិច្ចប្រជុំចប់ថា កិច្ចពិភាក្សាបានផ្តោតទៅលើបញ្ហាប្រឡង គុណភាពអប់រំ បញ្ហាកែទម្រង់ប្រព័ន្ធអប់រំ។ ហើយទាក់ទងការកែទម្រង់ប្រព័ន្ធអប់រំ គឺអាទិភាពមានចំនួន៨ មានដូចជាៈ ទី១.ប្រលង ទី២.បញ្ហាកំណែទទម្រង់ហិរញ្ញវត្ថុ ទី៣.បុគ្គលិក ទី៤.គុណភាពអប់រំ ទី៥.ឧត្តមសិក្សា ទី៦.យុវជន និងជំនាញ ទី៧.បញ្ហាកំណែទម្រង់កីឡា និងទី៨.ពាក់ព័ន្ធការបង្កើតឡើងនូវក្រុមប្រឹក្សាស្រាវជ្រាវវិស័យ អប់រំ។
លោកបានបន្តថា នៅឆ្នាំ២០១៥ ក្រសួងអប់រំ នឹងបានទទួលថវិកាបន្ថែមទៀត ប្រហែលជាកំណើនពី ១៦,៣ភាគរយ ឡើងទៅដល់ ១៧,៣ភាគរយ ឡើងប្រហែលជា១ភាគរយ នៃថវិកាជាតិ សម្រាប់ធ្វើការកំណែទម្រង់ប្រព័ន្ធអប់រំ ហើយក្រសួងនឹងប្រើប្រាស់ថវិកាឲ្យមានប្រសិទ្ធភាពខ្ពស់។
ប្រភពពីគេហទំព័រសម្លេងសារព័ត៌មានសេរី ចេញផ្សាយថ្ងៃ១៧ កញ្ញា ឆ្នាំ២០១៤។
រូបថតពីគេហទំព័រសម្លេងសារព័ត៌មានសេរី