ត្រឡប់ក្រោយ

លោក​នាយក​រដ្ឋ​មន្រ្តី​គាំទ្រ ឲ្យ​មាន​ការ​កោះហៅរដ្ឋ​មន្រ្តី​ទៅ​សាកសួរពីបញ្ហានានា​

យោងតាមសារព័ត៌មានក្នុងស្រុកដែលបានចុះផ្សាយ ដោយលើកឡើងពីប្រសាសន៍  លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីប្រកាស ផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ នៅព្រឹក ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ២០១៤ ថា  លោកបានបង្ហាញនូវគាំទ្ររបស់គណៈកម្មការ នៃរដ្ឋសភា ដែលបានហៅរដ្ឋមន្រ្តីទៅសួរនាំលើបញ្ហានានា ហើយលោកចង់ឃើញសកម្មភាពបែបនេះ តែមិនចង់ឃើញការដើរឃោសនា នៅតាមចិញ្ចឹមផ្លូវនោះទេ។

លោកបញ្ជាក់ ៖ «ប៉ុន្មានថ្ងៃនេះយើងឃើញថា គណៈកម្មការនានា របស់សភា បានអញ្ជើញរដ្ឋមន្ត្រីទៅសួរ ដែលក្នុងនោះ រដ្ឋមន្ត្រី សុខាភិបាល រដ្ឋមន្ត្រីអប់រំ ត្រូវបានសភាអញ្ជើញទៅសួរដែលនេះហើយទើបហៅថាការធ្វើការ គឺគេធ្វើអញ្ចឹង! ខ្ញុំ​ចង់​ឱ្យ​សភាព​ការណ៍​ បែបនេះ មានធ្វើជាបន្ត គឺគេអត់ទៅនិយាយ នៅតាមចិញ្ចើមផ្លូវ ឃោសនាទេ»។

លោកនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់រដ្ឋមន្រ្តីទាំងអស់ ដែលត្រូវគណៈកម្មការរដ្ឋសភាហៅសួរនាំ ត្រូវចូលទៅឆ្លើយបំភ្លឺគ្រប់គ្នា ដោយមិនត្រូវសួរទៅលោកថា ចូល ឬមិនចូលនោះទេ។ លោកថា៖ «ឯកឧត្តម លោកជំទាវជារដ្ឋមន្ត្រីនានា កុំចាំបាច់ មក​សួរ​នាយក​​រដ្ឋមន្ត្រីថា ខ្ញុំទៅឆ្លើយ ឬអត់ ? បានសេចក្តីថា ឱ្យតែគណៈកម្មការ នានា របស់រដ្ឋសភាកោះហៅទៅសួរ គឺត្រូវតែទៅ ហើយក៏កុំមកសួរនាយករដ្ឋមន្ត្រីថា ខ្ញុំគួរតែឆ្លើយបែបណា? ត្រូវមើលក្នុងរដ្ឋធម្មនុញ្ញ មើលក្នុងច្បាប់ឱ្យច្បាស់ គឺរដ្ឋមន្ត្រីទទួលខុសត្រូវ ចំពោះ​មុខ​នាយករដ្ឋមន្ត្រី និងសភា»។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា