កាលពីថ្ងៃទី១៦ ខែតុលា កាសែត Nhân Dân ឬកាសែតប្រជាជន ដែលជាស្ថាប័នកាសែតរដ្ឋដ៏ធំមួយរបស់វៀតណាម បានសម្ពោធការិយាល័យនិពន្ធអចិន្ត្រៃយ៍របស់ខ្លួន នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាជាផ្លូវការ។ ពិធីសម្ពោធនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ស្ថាប័នសារព័ត៌មានរបស់បក្សកុំម្មុយនីស្តមួយនេះ នឹងបោះពុម្ពផ្សាយជា កាសែត ផ្សាយជាវិទ្យុ សារព័ត៌មានអេឡិចត្រូនិច និងទស្សនាវដ្តីព័ត៌មានជាដើម។ សារព័ត៌មាននេះ នឹងផ្សព្វផ្សាយ ជាភាសាវៀតណាម ជារៀងរាល់ថ្ងៃ។
លោក Thuan Huu ជាសមាជិកនៃគណៈកម្មការកណ្តាលបក្សកុំម្មុយនីស្តវៀតណាម និងជាអគ្គនិពន្ធនាយកកាសែតប្រជាជន និងប្រធានសមាគមអ្នកកាសែតវៀតណាម បានថ្លែង ថា ការបើកទីស្នាក់ការកាសែត Nhân Dân ជាអចិន្ត្រៃយ៍ប្រចាំនៅរាជធានីភ្នំពេញនេះ មានក្នុងគោលបំណងផ្តល់ព័ត៌មានអំពីគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម ផ្សាយ សមិទ្ធផលសេដ្ឋកិច្ច សង្គមកិច្ចនៃប្រទេសនីមួយៗ ធានាការផ្តល់ព័ត៌មានឆាប់រហ័ស ទាន់ពេលវេលាលើគ្រប់វិស័យ នៃប្រទេសកម្ពុជា និងវៀតណាម។
កាសែតប្រជាជន ជាកាសែតដែលផ្សាយភ្ជាប់ជាមួយបក្ស ដែលមានបោះ ពុម្ពផ្សាយជាច្រើនផ្នែក រួមមាន កាសែតប្រជាជនប្រចាំថ្ងៃ ចុងសប្តាហ៍ និងប្រចាំខែ។ កាសែតប្រជាជនអេឡិចត្រូនិច បោះពុម្ពជាភាសាវៀតណាម អង់គ្លេស ចិន បារាំង។
ប្រភពពីគេហទំព័រថ្មីៗ។
រូបថតពីគេហទំព័រថ្មីៗ