លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ដែលជាលេខាផ្ទាល់របស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១យូរអង្វែងមកហើយបានមានប្រសាសន៍កាលពីម្សិលមិញថា លោកបានលាលែងពីគណបក្សនយោបាយដែលទើបបង្កើតថ្មីរបស់ព្រះអង្គម្ចាស់ ហើយកំពុងពិចារណាចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
លោក អានន្ទដាយ៉ាត ជាអ្នកនាំពាក្យរបស់ព្រះអង្គម្ចាស់ រណឫទ្ធិ និងជាទីប្រឹក្សាដ៏ជិតស្និទ្ធរយៈពេលមួយទសវត្សរ៍កន្លងមកបាន បម្រើការជាប្រធានខុទ្ទកាល័យរបស់ព្រះអង្គរហូតដល់ចប់អាណត្តិ បោះឆ្នោតលើកទី២កាលពីឆ្នាំ២០០២។
លោក អានន្ទដាយ៉ាត បានមានប្រសាសន៍ថា លោកមានវិវាទជាមួយព្រះអង្គម្ចាស់ រណឫទ្ធិ បន្ទាប់ពីព្រះអង្គម្ចាស់បានផ្ញើលិខិតមួយច្បាប់ជូនលោកកាលពីខែ មុន ដោយរិះគន់លោកថា បានផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីព្រះអង្គក្នុងចំណោមសមាជិក គណបក្សថ្មីរបស់ព្រះអង្គគឺគណបក្សសង្គម រាស្ត្រ រាជាធិបតេយ្យ នៅតាមបណ្ដាខេត្តមួយចំនួន។
លោក អានន្ទដាយ៉ាត បានមានប្រសាសន៍ថា ជាលទ្ធផលលោកបានចាកចេញពីតួនាទីរបស់ខ្លួនជាប្រធានខុទ្ទកាល័យ របស់ព្រះអង្គម្ចាស់ និងជាសមាជិកគណបក្សថ្មីរបស់ព្រះអង្គ ដែលបានបង្កើតឡើងដោយមានជំនួយរបស់លោកកាលពីខែមីនា។ លោកបានមានប្រសាសន៍ថា “ខ្ញុំបានលាលែង។ ខ្ញុំបានបោះបង់ចោលតួនាទីរបស់ខ្ញុំ”។
លោក អានន្ទដាយ៉ាត បានបញ្ជាក់កាលពីម្សិលមិញថា លោកបានពិភាក្សាជាមួយគណបក្សប្រជាជនកម្ពុជា ប៉ុន្តែបានលើកឡើងថា លោកមិនទាន់សម្រេចចិត្តចុងក្រោយថា តើត្រូវចូលរួមជាមួយគណបក្សនេះឬអត់ឡើយ។
ប្រភពពីគេហទំព័រឌឹខេមបូឌាដេលីចេញផ្សាយថ្ងៃទី២០ តុលា។
លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត (Photo by: PPPost)