ថ្លែងបន្ទាប់ពីកិច្ចពិភាក្សាគ្នានៅឯវិមានរដ្ឋសភារសៀលថ្ងៃ ចន្ទម្សិលម៉ិញនេះ ប្រធានក្រុមការងាររបស់គណបក្សប្រជាជន លោក ប៊ិន ឈិន មានប្រសាសន៍ថា ចំណុចដែលក្រុមការងាររបស់គណបក្សទាំងពីរពុំទាន់មានការព្រមព្រៀងមានប្រហែល១០ភាគរយទេ ក្នុងនោះគឺ ការប្រើប្រាស់ពាក្យពេចន៍ និងចំណុចលម្អិតមួយចំនួនប៉ុណ្ណោះ ដូចជាលក្ខណៈសម្បត្តិរបស់អគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់ គ.ជ.ប ដែលគណបក្សប្រជាជនកម្ពុជាកំណត់ថាត្រូវមានអាយុចាប់ពី៣០ ឆ្នាំឡើងទៅ និងត្រូវមានសញ្ញាបត្រមួយចំនួនពាក់ព័ន្ធនឹងការងារបោះឆ្នោត ចំណែកឯគណបក្សសង្គ្រោះជាតិទាមទារត្រឹមអាយុ២៥ជាដើម។
លោក ប៊ិន ឈិន បង្ហើបឲ្យដឹងថា ច្បាប់បោះឆ្នោតថ្មីដែលគណបក្សទាំងពីរកំពុងព្រាងគឺមាន៧ជំពូក និង៦៦មាត្រា ដែលមានកំណត់អាណត្តិប្រធាន គ.ជ.ប រយៈពេល៥ឆ្នាំផងដែរ។ លោកឲ្យដឹងទៀតថា ក្រោមច្បាប់ថ្មីនេះ បន្ទាប់ពីការបោះឆ្នោត៦ខែត្រូវមានការបង្កើត គ.ជ.ប ថ្មីឡើយ។
ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មានប្រសាន៍ថា ក្រុមការងាររបស់គណបក្សទាំងពីរនឹងបន្តជជែកគ្នាបន្តទៀតដើម្បី បញ្ចប់ឲ្យបានឆាប់ៗ។ ទោះយ៉ាងណា លោកថាការសម្រេចនានាគឺត្រូវឆ្លងថ្នាក់លើរបស់គណបក្សទាំងពីរជាមុនសិន ។
ក្រុមការងារគណបក្សទាំងពីរនឹងជួបពិភាក្សាគ្នាបន្តទៀតនៅសប្ដាហ៍ ក្រោយ ។
ប្រភពីគេហទំព័រវីអូឌីចេញផ្សាយថ្ងៃទី២០ តុលា។