ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃ ទី១១ ខែវិច្ឆិកា អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន មានប្រសាសន៍ថា លោកកំពុងស្នើឲ្យប្រធាននាយកដ្ឋានបុគ្គលិក ពិភាក្សាជាមួយអ្នកទទួលខុសត្រូវផ្នែកបុគ្គលិក ក្នុងការកាត់បន្ថយបុគ្គលិកអសមត្ថភាពដើម្បីពង្រឹងគុណភាពសេវា សាធារណៈឲ្យបានខ្លាំង ខណៈកម្ពុជាធ្វើសមាហរណកម្មអាស៊ាន នាពេលខាងមុខនេះ។
លោក វុន បានថ្លែងថា៖ «គំនិតនេះខ្ញុំទាមទារឲ្យមានការកែទម្រង់ស៊ីជម្រៅតាំងពី ឆ្នាំ១៩៩២ នៅពេលដែលខ្ញុំមកពីស្រុកបារាំង។ នៅពេលដែលយើងចង់បានមន្ត្រីមានគុណភាពទាល់តែយើងហ៊ានឲ្យលុយគាត់ ថ្លៃ បើមិនឲ្យគាត់ថ្លៃគាត់ទៅរកកន្លែងផ្សេង អ៊ីចឹងហើយបានជាមន្ត្រីរាជការយើងកាន់តែខ្សោយទៅៗ ហើយបើមន្ត្រីរាជការយើងផ្តល់សេវាសាធារណៈអន់យើងនឹងទៅជាខ្ញុំ អាស៊ាន។ ដូច្នេះគំនិតរបស់ខ្ញុំអ្នកដែលគុណភាពមិនសូវល្អយើងនឹងធ្វើការ ជ្រើសរើស ស្នើសុំឲ្យគាត់ចាកចេញពីរដ្ឋសភាទៅ ហើយរៀបចំកញ្ចប់ថវិកាមួយឲ្យគាត់ចេញទៅវិញ»។
លោកបានថ្លែងថា យុទ្ធសាស្ត្រកាត់បន្ថយបុគ្គលិកនេះ ស្ថាប័នសភាត្រូវតែមានគោលនយោបាយច្បាស់លាស់សម្រាប់បុគ្គលិកដែល ត្រូវចេញនិងអ្នកដល់អាយុចូលនិវត្តន៍ គឺឲ្យប្រាក់ខែចុងក្រោយរបស់គាត់គុណនឹង ៨០ ភាគរយ ហើយគុណនឹង ១០ ខែ ដើម្បីឲ្យគាត់ចេញទៅ។លោកបានថ្លែងថា៖ «យើងមិនឲ្យគាត់ទៅដោយដៃទទេនោះទេ។ បុគ្គលិករដ្ឋសភាទាំងអស់មានចំនួន ១៣០០ នាក់ ហើយបុគ្គលិកខ្លះ មិនធ្វើការនោះទេ ចាំតែបើកប្រាក់ខែ ដោយគ្រាន់តែមកផ្តិតមេដៃតែប៉ុណ្ណោះ»។
ប្រភព៖ PostKhmer.com