យោងតាមមន្ត្រីគណបក្សសង្គ្រោះជាតិឲ្យដឹងថា តុលាការបញ្ជាឲ្យឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀត ពាក់ព័ន្ធនឹងករណីហិង្សាលើសន្តិសុខខណ្ឌ នៅជិតទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៣ ខែវិច្ឆិកា នេះតុលាការបានបង្គាប់ឲ្យ សមាជិកចលនាមហាជនរបស់គណបក្សសង្គ្រោះជាតិលោក ទេព ណារិន ចូលខ្លួនទៅបំភ្លឺ តែស្របពេលដែលលោកចូលខ្លួន តុលាការក៏បានបង្គាប់ឲ្យសមត្ថកិច្ចចាប់ឃុំខ្លួនសកម្មជន ម្នាក់នេះតែម្ដង ។
កាលពីថ្ងៃអង្គារ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោកមាជ សុវណ្ណារ៉ា ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ចាប់ខ្លួន ដោយចោទពីបទពាក់ព័ន្ធនឹងអំពើហិង្សា ករណីទាមទារឲ្យបើកទីលានប្រជាធិបតេយ្យកាលពីពាក់កណ្ដាលខែ កក្កដានេះដូចគ្នា បន្ទាប់ពីខកខានមិនបានចូលខ្លួនបំភ្លឺតាមការកោះរបស់តុលាការចំនួន ៣លើក ។
អនុប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា ហៅ ការចាប់ខ្លួនសកម្មជនរបស់គណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់នេះ ថាជាការគំរាមកំហែងដល់គណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការរៀបចំ គ.ជ.ប ។
ទោះជាយ៉ាងណា កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយ អះអាងថា ការចាប់ខ្លួនអ្នកទាំងនោះ គឺជាចំណាត់ការតាមផ្លូវច្បាប់របស់ស្ថាប័នមានសមត្ថកិច្ច ក្នុងសំណុំរឿងពាក់ព័ន្ធនឹងអំពើប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ។
ប្រភព៖ vodhotnews.com