ត្រឡប់ក្រោយ

ការ​កំណត់​សញ្ជាតិ និង​ញាតិ​លោហិត​នៃ​សមាស​ភាព គជប នៅ​តែ​ជា​ចំណុច​ខ្វែង​គ្នា​រវាង​បក្ស​ទាំង​ពីរ

បន្ទាប់​ពី​ជំនួប​រវាងបក្សទាំង​ពីរ​នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា នៅវិមានរដ្ឋសភាប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន ថ្លែងប្រាប់អ្នកសារព័ត៌មានថា “កិច្ចប្រជុំថ្ងៃនេះ បក្សទាំងពីរនៅតែខ្វែងគំនិតគ្នាត្រង់ការកំណត់សញ្ជាតិខ្មែរពីកំណើត និងសញ្ជាតិខ្មែរតែមួ​យ​គត់ និង​បញ្ហាមួយទៀត សមាសភាព គជប មិនត្រូវជាប់ញាតិលោហិត ឬសែលោហិតជាមួយប្រធានឬអនុប្រធានគណបក្សនយោបាយ”។


ទោះជាយ៉ាងណា លោកថា ចំពោះលក្ខណៈសម្បត្តិរបស់សមាសភាព គជប បក្សទាំងពីរឯកភាពគ្នា ដោយមិនតម្រូវឲ្យសមាសភាព គជប មានសញ្ញាបត្រផ្នែកច្បាប់ខាងរដ្ឋបាល ឬសេដ្ឋកិច្ចឡើយ ដោយគ្រាន់តែមានសញ្ញាបត្រចាប់ពីឧត្តមសិក្សាឡើងទៅ ។
លោក លោក ប៊ិន ឈិន បន្ថែមថា ចំណែកអគ្គលេខាធិការ និងអគ្គលេខាធិការរងនៃ គជប បក្សទាំងពីរសម្រួលគ្នា ដោយមានបទពិសោធការងារត្រឹម៥ឆ្នាំឡើងទៅ មិនចាំបាច់មានបទពិសោធទាក់ទងការងារ គជប ឡើយ ។


លោក គួយ ប៊ុនរឿន ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា “បក្សទាំងពីរនឹងដាក់ជូនចំណុចខ្វែងគំនិតនេះទៅថ្នាក់លើជាអ្នកសម្រេច ហើយបក្សទាំងពីរនឹងបន្តពិភាក្សាបន្តទៀតនៅថ្ងៃទី ២៤ ខែវិច្ឆិកា” ។
ការបន្តខ្វែងគំនិតគ្នានេះ ដោយសារគណបក្សសង្គ្រោះជាតិទាមទារឲ្យសមាសភាព គជប អាចមានសញ្ជាតិពីរ តែបក្សប្រជាជនទាមទារឲ្យមានសញ្ជាតិតែមួយ។

ប្រភពពី៖ vodhotnews.com

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា