កាលពីព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៤ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតហៅកាត់ "ERA" បានរៀបចំសិក្ខាសាលាមួយស្តីពី “ប្រព័ន្ធចុះឈ្មោះថ្មីតាមបែបទំនើប” ដែលត្រូវបានធ្វើឡើងនៅសណ្ឋាគារអ៊ីមភើរៀល និងមានការចូលរួមពីសំណាក់អង្គការដែលពាក់ព័ន្ធលើវិស័យបោះឆ្នោត មន្រ្តីគជប តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ និង តំណាងគណបក្សនយោបាយមួយចំនួនទៀត គួរបញ្ជាក់ផងដែរថាសមាជិកនៃគណបក្សប្រជាជនកម្ពុជាត្រូវបានអវត្តមាន។
គោលបំណងនៃប្រព័ន្ធចុះឈ្មោះបោះឆ្នោតតាមបែបទំនើបនេះគឺដើម្បី៖
-បង្កើតបញ្ជីឈ្មោះបោះឆ្នោតថ្មី តាមរយៈប្រព័ន្ធពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីមួយ
-ធានាគុណភាពនៃបញ្ជីបោះឆ្នោតតាមរយៈការប្រើបច្ចេកវិទ្យា (កុំព្យូរទ័រ) និងមានបញ្ជូលទិន្នន័យកំណត់អត្តសញ្ញាណបន្ថែម ពិសេសស្នាមមេដៃស្តាំ និងថតរូប
-និងបង្កើតប័ណ្ណបោះឆ្នោតសម្រាប់អ្នកបោះឆ្នោតសម្រាប់អ្នកបោះឆ្នោត ដោយជំនួយឯកសារបញ្ជាក់អត្តសញ្ញាណនានាដែលប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក ជាពិសេសលិខិតបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធថ្មីនេះរួមមាន ការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតដែលស្ថិតក្រោមការទទួលខុសត្រូវនិងការចាត់ចែងដោយគជប។ ដំណើរការថ្មីនេះក៏ត្រូវមានកិច្ចសហការថ្មីពីអាជ្ញាធរសំខាន់ដូចជា ស្មៀនឃុំ សង្កាត់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់និងមេភូមិ ក្នុងការផ្តល់ទិន្នន័យ និងព័ត៍មានទាក់ទងនិងប្រជាពលរដ្ឋទីកន្លែង សន្តិសុខ ហើយក៏ជួយសម្របសម្រួលកិច្ចការខ្លះទៀតដែលស្មើដោយ គជប។
ប្រភព៖ CVV