នៅថ្ងៃ២ ខែធ្នូ គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យបានចេញសេចក្តីបំភ្លឺ ដែលបានសរសេរថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា អគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បានពោលពាក្យមិនពិតចំពោះមុខសកម្មជនរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច នៅខេត្តកំពង់ចាម ដែលថាព្រះអង្គនរោត្តមរណឬទ្ធិ មានគម្រោងជួបចរចាជាមួយលោក ញឹក ប៊ុនឆៃ ដើម្បីវិលចូលធ្វើជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចវិញ ។
ប៉ុន្តែសេចក្តីបំភ្លឺបញ្ជាក់ថា ការអះអាងរបស់លោក ញឹក ប៊ុនឆៃ មិនពិតនោះទេ ព្រោះព្រះអង្គបានបង្កើតគណបក្សថ្មីមួយទៀត គឺគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ ហើយក្រសួងមហាផ្ទៃសម្រេចទទួលស្គាល់ជាផ្លូវការផងដែរ ។
អតីតប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះ ត្រូវបានគណបក្សបោះឆ្នោតទម្លាក់ពីតួនាទីកាលពីឆ្នាំ២០០៦ ។ បន្ទាប់ពីនោះ ព្រះអង្គប្រកាសឈប់ធ្វើនយោបាយបានមួយរយៈ ក្រោយមកនៅឆ្នាំ២០១៤នេះ ព្រះអង្គបានប្រកាសយាងចូលឆាកនយោបាយវិញ និងបង្កើតគណបក្សថ្មីមួយទៀតឈ្មោះ “គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ” ដើម្បីប្រកួតប្រជែងបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ខាងមុខ ៕
ប្រភព៖ http://vodhotnews.com/