ត្រឡប់ក្រោយ

លោក​ ហ៊ុន​ សែន គំរាម​ដក​តំណែង​អនុ​ប្រធាន​ទី១​រដ្ឋសភា​របស់​លោក កឹម​ សុខា ជា​ថ្មី​ម្តង​ទៀត

នៅ​​ថ្ងៃ​​ទី០៤ ខែ​ធ្នូ ក្នុង​​ពិធី​ចែក​​សញ្ញាប័ត្រ​នៅ​​វិទ្យាស្ថាន​ជាតិជំនាន់ថ្មីក្នុងវិទ្យាស្ថានជាតិ​អប់រំ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ បាន​ព្រមានជាថ្មីក្នុងការដក​តំណែង​អនុប្រធានទី១​​រដ្ឋសភារបស់លោក កឹម សុខា។ ការ​ថ្លែង​គំរាម​របស់​លោក ហ៊ុន សែន លើក​នេះ​ក៏​ដូច​ជា​លើក​មុន ដែល​លោក​ចាត់​ទុក​ថា​នេះ ជា​ការ​បរិហារ​ដល់​រាជរដ្ឋាភិបាល ខណៈ​មេដឹកនាំ​កំពូល នៃ​គណបក្ស​នយោបាយ​ធំ​ពីរ កំពុង​ប្រើប្រាស់​វប្បធម៌​សន្ទនា ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ។

លោក ហ៊ុន សែន មាន​​ប្រសាសន៍​​ថា អនុ​ប្រធាន​​ទី​១រដ្ឋសភា គួរ​​ប្រយ័ត្ន​ខ្លួន ព្រោះ​​សមាជិក​សភា​ភាគ​ច្រើន ជា​​របស់​​លោកហើយ​សភា​អាច​បុក​ទម្លាក់​លោក កឹម សុខា ពី​តំណែង​អនុប្រធាន​សភា​ទី១ បាន​ដោយ​សំឡេង​ភាគច្រើន។ លោក​បន្ត​ថា គេ​ឲ្យ​តំណែង​អនុប្រធាន​សភា​ទី១ ដើម្បី​សម្របសម្រួល​កិច្ចការ​ជាមួយ​តំណាង​រាស្ត្រ​ក្នុង​សភា មិន​មែន​សម្រាប់​ដើរ​ជេរ​គេ ជេរ​ឯង​នោះ​ទេ។

គួរបញ្ជាក់ផងដែរថាកាល​ពី​ថ្ងៃ​ទី ៩ កញ្ញា កន្លង​ទៅ លោក​ហ៊ុន សែន ធ្លាប់​គំរាម​ដក​តំណែង​អនុប្រធាន​សភា​ទី១ ពី​លោក កឹម សុខា ម្ដង​រួច​ទៅ​ហើយ បន្ទាប់​ពី​លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ ថា នឹង​ប្រើប្រាស់​យន្តការ​សភា ដើម្បី​ដក​ហូត​ដំណែង​រដ្ឋមន្ត្រី​ណា​ដែល​ប្រព្រឹត្តិ​ពុក​រលួយ ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន៕

ប្រភពពី៖ www.rfa.org

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា