លោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភា បានដាក់លិខិតស្នើប្រធានរដ្ឋសភាតែងតាំងលោក ឡៅ ម៉ុងហៃ និងលោក សាយ បូរី ជាទីប្រឹក្សាផ្ទាល់ ។
លិខិតចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤របស់លោក កឹម សុខា បានផ្ញើរជូនប្រធានរដ្ឋសភាលោក ហេង សំរិន ឲ្យតែងតាំងលោក សាយ បូរី និងលោក ឡៅ ម៉ុងហៃ ជាទីប្រឹក្សាផ្ទាល់របស់លោកដោយត្រូវមានឋានៈស្មើរដ្ឋមន្ត្រី ។ លិខិតនោះត្រូវបានលោក ហេង សំរិន ចារយល់ព្រម នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ ។
ក្នុងលិខិតដដែលនោះ លោក កឹម សុខា បានលើកឡើងថា ការស្នើសុំឲ្យមានការតែងតាំងទីប្រឹក្សាផ្ទាល់របស់លោកចំនួន២រូបទៀតនេះ គឺដើម្បីបំពេញការងារជូនរដ្ឋសភា ដែលជាស្ថាប័នកំពូលរបស់ជាតិ ឲ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ។
គួរបញ្ជាក់ផងដែរថាលោក ឡៅ ម៉ុងហៃ ត្រូវបានគេស្គាល់តាមបណ្តាញសារព័ត៌មាននានាថាជាអ្នកវិភាគនយោបាយឯករាជ្យមួយរូបនៅក្នុងប្រទេសកម្ពុជា ចំណែកឯលោក សាយ បូរី ជាបណ្ឌិតច្បាប់ និងជាអតីតឧត្តមទីប្រឹក្សារបស់សម្តេច ព្រះនរោត្តម សីហនុ ៕
ប្រភពពី៖ vodhotnews.com