នៅថ្ងៃអាទិត្យទី ០៧ ខែធ្នូ លោក សម រស្ស៊ី បានថ្លែងទៅកាន់អ្នកសារព័ត៌មាននាបរិវេណពន្ធនាគារព្រៃស ថា ការចាប់ឃុំខ្លួនសកម្មជនដីធ្លី អតីតព្រះសង្ឃ និងមន្ត្រីគណបក្សសង្គ្រោះជាតិ សរុបទាំងអស់១៧នាក់ គឺជារឿងនយោបាយសុទ្ធសាធ។
លោក សម រង្ស៊ី បានថ្លែងបែបនេះ ក្រោយពេលលោកចេញពីសួរសុខទុក្ខស្ត្រីសកម្មជនដីធ្លីបឹងកក់ និងថ្មគោល១០រូប អតីតព្រះសង្ឃ៣នាក់ និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៤នាក់ ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស។ លោកមានប្រសាសន៍ថា លោកបានជួបជាមួយអ្នកជាប់ឃុំទាំង១៧នាក់នោះហើយ ហើយលោកនឹងខិតខំជំរុញឲ្យមានការដោះលែងអ្នកដែលកំពុងជាប់ឃុំឃាំងទាំង១៧នាក់ឲ្យបាននាពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា អ្នកទាំង១៧នាក់ ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃសនោះមាន ស្ត្រីសកម្មជនដីធ្លី១០នាក់មកពីសហគមន៍បឹងកក់ និងថ្មគោល អ្នកទាំង១០នាក់នេះត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់១ឆ្នាំ និងពិន័យជាប្រាក់២លានរៀល ដោយសារពួកគេធ្វើបាតុកម្មទាមទារឲ្យអាជ្ញាធររាជធានីភ្នំពេញបង្ហូរទឹកសម្អុយចេញពីភូមិរបស់ពួកគេ។
ចំណែកឯមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៤រូបនោះត្រូវបានចាប់ឃុំឃាំង ពាក់ព័ន្ធនឹងបាតុកម្មទាមទារឲ្យបើកទីលានប្រជាធិបតេយ្យ កាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅ។ចំពោះអតីតព្រះសង្ឃ៣អង្គទៀត ត្រូវចាប់ផ្សឹក និងឃុំឃាំងដោយសារចូលរួមគាំទ្របាតុកម្មរបស់ស្ត្រីសកម្មជនដីធ្លីបឹងកក់ និងជាអ្នកដែលសកម្មក្នុងការតវ៉ាទាមទារឲ្យស្ថានទូតវៀតណាមសុំទោសករណីបំភ្លៃប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម៕
ប្រភព៖ vodhotnews.com