ប្រធានគណៈកម្មការទី ៥ នៃរដ្ឋសភាគ្រោងនឹងកោះអញ្ជើញរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជាសហការីពីគណបក្សប្រជាជនដូចគ្នាទៅឆ្លើយបំភ្លឺ នាពេលឆាប់ៗនេះ ជុំវិញការអនុញ្ញាតឲ្យបណ្តាញទូរទស្សន៍ និងវិទ្យុផ្សព្វផ្សាយគ្រឿងស្រវឹង ខណៈដែលប្រធានគណៈកម្មការរូបនេះ សង្កេតឃើញថា នាទីផ្សាយពាណិជ្ជកម្មមានដល់ទៅ ៨០ ភាគរយ ដែលផ្តោតលើគ្រឿងស្រវឹង។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំខែនៅវិមានរដ្ឋសភាកាលពីថ្ងៃម្សិលមិញ លោក ឈាង វុន ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា ផ្នែកកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន បានថ្លែងថា លោកនឹងកោះអញ្ជើញរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ទៅសាកសួរ និងស្នើឲ្យពិចារណាឡើងវិញ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគ្រឿងស្រវឹងយ៉ាងគគ្រឹកគគ្រេងនៅលើកញ្ចក់ទូរទស្សន៍និងវិទ្យុ ដែលជាមូលហេតុចម្បងមួយនៃគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែលោកពុំបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។
លោក ខៀវ កញ្ញារីទ្ធ បានស្វាគមន៍ចំពោះគម្រោងកោះអញ្ជើញរូបលោកឲ្យចូលទៅឆ្លើយបំភ្លឺនៅរដ្ឋសភានេះដោយលោកថ្លែងថា៖ «កន្លងមក ក្រសួងធ្លាប់បានចេញសារាចរហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនេះហើយ ព្រមទាំងបានធ្វើរបាយការណ៍ជូនសម្តេចនាយករដ្ឋមន្ត្រីផងដែរ»។
ប្រភព៖ www.postkhmer.com