សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលធ្លាប់ប្រកាសថាមិនចូលធ្វើនយោបាយទៀតទេ កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចព្រះទ័យចូលធ្វើជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បើទោះបីព្រះអង្គទើបបង្កើតគណបក្សថ្មីមួយ និងធ្លាប់អះអាងថាប្រជាពលរដ្ឋលែងមានជំនឿលើគណបក្សមួយនេះទៀតហើយ។
ការសម្រេចព្រះទ័យរបស់ព្រះអង្គ ត្រូវបានធ្វើឡើងភ្លាមៗ គឺនៅថ្ងៃតែមួយ បន្ទាប់ពីមានការអញ្ជើញរបស់ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច។
ព្រះរាជលិខិតរបស់សម្តេចនរោត្តម រណឫទ្ធិ ចុះថ្ងៃទី០១ខែមករា ឆ្នាំ២០១៤នេះ ឲ្យដឹងថាព្រះអង្គបានទទួលលិខិតដែលដាក់ថ្វាយព្រះអង្គ និងត្រូវបានចុះព្រះរាជហត្ថលេខា និងហត្ថលេខាដោយប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នរោត្តម អរុណរស្មី និងអគ្គលេខាធិការគណបក្ស លោក ញឹក ប៊ុនឆៃ។ សម្តេចក្រុមព្រះបានបញ្ជាក់ក្នុងលិខិតរបស់ព្រះអង្គថា«ខ្ញុំបានទទួលរួចហើយនូវលិខិតរបស់សម្តេច និងឯកឧត្តម ចុះថ្ងៃទី០១ខែមករា ឆ្នាំ២០១៤ ស្តីពីការយាងខ្ញុំ មកធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។…(ខ្ញុំ)យល់ព្រមមកធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចតាមសំណើររបស់សម្តេច និងឯកឧត្តម ដើម្បីបន្តដឹកនាំគណបក្សយើងឡើងវិញ»។
លិខិតរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ចុះថ្ងៃទី ០១ខែមករា ឲ្យដឹងថាការអញ្ជើញព្រះម្ចាស់រណឫទ្ធិមកធ្វើជាប្រធានគណបក្សនេះ ដោយយោងតាមស្មារតីពីការបង្រួបបង្រួមជាតិ អ្នករាជានិយម និងអ្នកសីហនុនិយម។ លិខិតបន្តថា«ការជ្រើសតាំងជាផ្លូវការ សម្តេចក្រុមព្រះក្នុងតួនាទីខាងលើនេះ នឹងត្រូវធ្វើតាមរយៈសមាជគណបក្សនាពេលខាងមុខ»។
ប្រភព៖ vodhotnews.com