ក្រោយកិច្ចពិភាក្សាកាលពីរសៀលថ្ងៃចន្ទម្សិលមិញនេះ ក្រុមការងារចរចា កំណែទម្រង់ការបោះឆ្នោត រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្រ្គោះជាតិ នៅតែមិនទាន់ត្រូវគ្នានៅឡើយ ក្នុងការកំណត់ថ្ងៃឃោសនា បោះឆ្នោត និងថ្ងៃហែក្បួនឃោសនា ខណៈគណបក្សប្រជាជនកម្ពុជាដែល ជាបក្សកាន់អំណាចចង់កាត់បន្ថយចំនួនការឃោសនាបោះឆ្នោតមកនៅត្រឹមតែ១៤ ថ្ងៃ និងធ្វើឃោសនាមកត្រឹម តែ២ថ្ងៃ គឺថ្ងៃ ឃោសនាដំបូង និងថ្ងៃបញ្ចប់។ ប៉ុន្តែតំណាងគណបក្សសង្គ្រោះជាតិបានធ្វើការជំទាស់ ចង់ឲ្យយុទ្ធនាការឃោសនាបោះឆ្នោត មានរយៈពេល ៣០ថ្ងៃដូចដែល មានកំណត់ក្នុងច្បាប់បោះឆ្នោតចាស់។បញ្ហាខ្វែងគំនិតនេះក្រុមការងាររបស់គណបក្សទាំងពីរបានបញ្ជាក់ថា នឹង លើកសំណើនេះទៅថ្នាក់ដឹកនាំដើម្បីធ្វើការសម្រេច ។ ហើយគណបក្សទាំងពីរនឹងបន្តការចរចានៅថ្ងៃសុក្រ សប្តាហ៍នេះទៀត។