អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាលោក សូរិយា ប្រាសាទស៊ូប៊ែឌី សង្ឃឹមថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងបន្តធ្វើការសន្ទនាគ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិជារួម ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីចូលជួបប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធានទី១ នៃរដ្ឋសភាលោក កឹម សុខា នៅព្រឹកថ្ងៃអង្គារនេះ លោក ស៊ូប៊ែឌី មានប្រសាសន៍ថា លោកមានការរីករាយដែលថ្នាក់ដឹកនាំគណបក្សប្រឆាំងបានប្រាប់លោកថា គណបក្សទាំងពីរកំពុងបន្តចរចាគ្នាធ្វើកំណែទម្រង់ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស ដែលបញ្ហាទាំងនេះលោកធ្លាប់បានលើកឡើងនៅក្នុងរបាយការណ៍របស់លោកនាពេលកន្លងមក ។
លោក ស៊ូប៊ែឌី បន្តថា «អ្វីដែលជាតម្រូវការនៅក្នុងប្រទេសនេះ គឺការសន្ទនាគ្នារវាងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ។ ឥឡូវនេះ ការសន្ទនាគ្នាកំពុងបន្ត ហើយប្រទេសកំពុងធ្វើដំណើរទៅមុខ» ។
ប្រភពៈ៖ vodhotnews.com