ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា លោក ហូរ វ៉ាន់ គ្រោងចុះជួបអាជ្ញាធរអប្សរា ដើម្បីពិនិត្យលើចំណូលនៃការលក់សំបុត្រចូលទស្សនាអង្គរ ដែលលោកអះអាងថាមានភាពមិនប្រក្រតី ។
បើយោងតាមVOD ប្រធានគណៈកម្មការទី១០នៃរដ្ឋសភា និងជាតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ បានឲ្យ ដឹងនៅព្រឹកថ្ងៃសុក្រនេះថា នៅក្នុងខែមិនាខាងមុខ លោកនឹងចុះទៅជួបជាមួយអាជ្ញាធរអប្សរាដើម្បីបញ្ជាក់ពីតួលេខប្រាក់ចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរវត្ត ដោយលោកនឹងពិនិត្យទៅលើឯកសារចំណូលចំណាយ និងវិក័យប័ត្ររបស់អាជ្ញាធរអប្សរា ។ លោកថា លោកបានកំពុងផ្ទៀងផ្ទាត់ឯកសារដែលលោកទទួលបាន និងបានរកឃើញមានភាពមិនប្រក្រតីមួយចំនួន ។
លោក ហូរ វ៉ាន់ មិនបានបញ្ជាក់ថាឯកសារទាំងនោះលោកទទួលបានពីណា ឬជាឯកសារអ្វីនោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា លោកកំពុងតែពិនិត្យលើឯកសារទាំងនោះ ។ លោកបន្តថា «(ទៅជួប)អាជ្ញាធរអប្សរាដើម្បីបញ្ជាក់តួលេខហ្នឹងឲ្យច្បាស់...ព្រោះឥឡូវហ្នឹងមានការសង្ស័យថាអាជ្ញាធរអប្សរាហ្នឹងមានភាពពុករលួយ ប៉ុន្តែដើម្បីឲ្យក្លាយជាបទល្មើសពុករលួយត្រូវតែមានទឡ្ហីករណ៍ច្បាស់លាស់»។
ប្រភព៖ vodhotnews.com