កាលពីព្រឹក ថ្ងៃទី ២៦មករា ឆ្នាំ២០១៥ គណៈកម្មាធិការខុមហ្រ្វែលបានរៀបចំកិច្ចពិភាក្សា និងអនុសាសន៍ស្តីពីកំណែទម្រង់រដ្ឋសភា នៅភោជនីយដ្ឋានខ្មែរសូរិន្ទ។ ក្នុងកិច្ចពិភាក្សានេះមានគោលបំណងដាក់បង្ហាញអំពីរបាយការណ៍ឃ្លាំមើលរដ្ឋសភា និងតំណាងរាស្រ្ត ឆ្នាំទី១ នីតិកាលទី៥ និងសៀវភៅប្រវត្តិរូបសង្ខេបអ្នកតំណាងរាស្រ្ត នីតិកាលទី៥នៃរដ្ឋសភា និងធ្វើការពិភាក្សា និងផ្តល់យោបល់អំពីកំណែទម្រង់រដ្ឋសភា។ លោក គល់ បញ្ញា នាយកខុមហ្រ្វែលបានថ្លែងក្នុងវេទិការតុមូលថា« គណបក្សនយោបាយបានដក និងដាក់ ឬធ្វើការផ្លាស់ប្តូរតំណាងរាស្ត្រនៅក្នុងបញ្ជីរបស់គណបក្សខ្លួន និងផ្លាស់ប្តូរថ្នាក់ដឹកនាំអនុប្រធាសភា ធ្វើឡើងដោយមិនមានតម្លាភាព ហើយមិនមាននីតិវិធីច្បាស់លាស់ »។
លោកបន្តទៀតថា «នីតិវិធីទាំងអស់ហ្នឹង យើងថាត្រូវតែមានច្បាស់លាស់ ដើម្បីការពារអភ័យឯកសិទ្ធិ ការការពារសិទ្ធិអំណាចរបស់អ្នកតំណាងរាស្ត្រមួយៗហ្នឹង កុំឲ្យមានឥទ្ធិពលគណបក្សហ្នឹងខ្លាំងពេក ក្នុងការដោះដូរហ្នឹង ។ នេះយើងចង់ឲ្យមានតម្លាភាពក្នុងបញ្ហាហ្នឹង» ។
ជាលទ្ធផលតំណាងរាស្ត្រមណ្ឌលកំពង់ចាមរបស់គណបក្សសង្គ្រោះជាតិលោក គីមសួរ ភិរិទ្ធ ដែលចូលរួមតុមូលនោះថ្លែងថា លោកនឹងយកសំណើរបស់សង្គមស៊ីវិលជជែកនៅសភា ដើម្បីឲ្យដំណើរការប្រសើរជាមុន ។ លោកបញ្ជាក់ថា «យើងនឹងយកសំណើនេះទៅជជែកក្នុងក្រុមការងារ ដើម្បីពិចារណាថាតើយើងអាចវិសោធនកម្មបែបម៉េច ដើម្បីឲ្យមានលក្ខណៈល្អប្រសើរជាងមុន» ។
តាមរបាយការណ៍ខុមហ្វ្រែលឲ្យដឹងថា ការកែទម្រង់រចនាសម្ព័ន្ធដឹកនាំសភាដោយផ្តល់តួនាទីខ្លះដល់បក្សប្រឆាំង គឺគ្រាន់តែជាការបែងចែកអំណាចដល់គណបក្សទំាងពីរ ដែលមានអាសនៈក្នុងសភាតែប៉ុណ្ណោះ ។