ត្រឡប់ក្រោយ

ERA បង្ហាញ​លទ្ធ​ផល​វិជ្ជ​មាន​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោ​តបែ​ប​ទំ​នើប​កម្ម

នៅព្រឹកថ្ងៃព្រហស្បតិ៏នេះ​គណៈកម្មការខុមហ្រ្វែល បាន​បង្ហាញ​ពី​ភាពជោគជ័យ​ក្នុង​ការចុះឈ្មោះ​បោះឆ្នោត​ បែប​ទំនើបកម្ម​តាម​ប្រព័ន្ធ​កុំព្យូទ័រ នៅក្នុងសន្និសីទសារព័ត៌មានដែល​រៀបចំ​ដោយ​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​ហៅ​កាត់​ថា (ERA)​ នៅសណ្ឋាគារ អ៊ីមភើរៀលភ្នំពេញ ដើម្បី​ឲ្យ​គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ​ទទួក​យក​វិធីសាស្ត្រ​នេះ​ទៅ​អនុវត្ត​ នៅពេល គ​.​ជ​.​ប ថ្មី ត្រូវបាន​បង្កើតឡើង ។​

សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត បាន​ធ្វើ​ការសាកល្បង​ចុះ​ឈ្មោះ​បែប​ទំនើបកម្ម​នៅក្នុង​ខេត្ត​មួយចំនួន​មាន​ រតនគិរី កំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ សរុប​មនុស្ស​ចំនួន​៦៥២​នាក់ ។ ក្នុង​ការចុះ​ឈ្មោះ​ប្រើ​រយៈពេល​ជា​មធ្យម​អស់​៥​នាទី​ក្នុង​ម្នាក់ ។ លទ្ធផល​បង្ហាញ​ទៀត​ថា​ជាង​៩៩​ភាគរយ នៃ​អ្នក​ចុះ​ឈ្មោះ​មិន​មាន​ឈ្មោះ​ស្ទួន ឬ​ទិន្នន័យ​ស្ទួន​ទេ ។​ ប៉ុន្តែ​ក្នុង​ចំណោម​៦៥២​នាក់ មាន​២​ករណី​ដែល​មាន​បញ្ហា​រួមមាន អ្នក​សឹក​ក្រយ៉ៅ​ដៃ និង​អ្នក​ពិការ​ដៃ​ជាដើម ហើយ​សង្គម​ស៊ីវិល​កំពុង​សិក្សា​ពី​បញ្ហា​នេះ​បន្ថែមទៀត ។ អ្នកជំនាញ​ឲ្យដឹងថា ការចុះឈ្មោះ​បែប​ទំនើប​កម្មនេះ ត្រូវបាន​ដក​បទពិសោធន៍​ពី​ប្រទេស​បង់​ក្លា​ដេស និង​ហ្វីលីពីន។

​លោក ធន សារាយ ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស​អាដហុក ថ្លែងថា ការរកឃើញ​ថ្មី​នៃ​ការចុះឈ្មោះ​បោះឆ្នោត​បែប​ទំនើប​កម្មនេះ​មាន​ភាពងាយស្រួល និង​ចំណាយពេល​ត្រឹមតែ​៥​នាទី​ប៉ុណ្ណោះ ក្នុង​ការចុះឈ្មោះ​មនុស្ស​ម្នាក់ ។ លោក​បន្តថា ជា​ពិសេស​ប្រព័ន្ធ​នេះ​អាច​ការពារ​មិនអោយ​មាន​ឈ្មោះ​ស្ទួន។មនុស្ស​ម្នាក់​អាច​បោះឆ្នោត​នៅ​ច្រើន​មណ្ឌល​ផងដែរ។ លោក ធន សារាយ បន្ថែមថា​បើ គ​.​ជ​.​ប ប្រើ​វិធីសាស្ត្រ​ចុះ​ឈ្មោះ​បែប​ទំនើប​កម្មនេះ នឹង​ត្រូវ​ចំណាយ​ក្នុង​ម្នាក់​តែ​១,៧​ដុល្លារ ហើយ​ត្រូវ​ចំណាយ​សរុប​ប្រមាណ​២០​លាន​ដុល្លារ​ជា​ការ​ស្រេច ។ 

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ លោក ហូរ វ៉ាន់ បាន​គាំទ្រ​ចំពោះ​វិធីសាស្ត្រ​ចុះ​ឈ្មោះ​បែប​ទំនើប​កម្មនេះ ។ តែ​លោក​ថា សង្គម​ស៊ីវិល​គួរ​សិក្សា​ពី​បញ្ហា​ប្រឈម និង​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​ជា​មុន​សិន ជា​ពិសេស​មាន​ការចូល​រួម​ពី​គណបក្ស​នយោបាយ ។ ប៉ុន្តែ​មិនបានឃើញវត្តមានតំណាង​គណបក្ស​ប្រជាជន​កម្ពុជាចូលរួម​ក្នុង​ពិធី​នេះ​ទេ ។​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា