កាលពីថ្ងៃព្រហស្បត៍ ទី ១២ម្សិលមិញនេះ ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍លើកឡើងទាក់ទងការធ្វើសេចក្តីព្រាងច្បាប់មួយដើម្បីការពារព័ត៌មានសម្ងាត់របស់រដ្ឋបានដំណើរការអស់រយៈពេលជាងពីរឆ្នាំមកហើយ ហើយអាចនឹងដាក់ជូនទៅឲ្យទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យក្នុងរយៈពេលពីរ ខែទៀត។
សេចក្តីព្រាងច្បាប់នេះត្រូវបានគេដឹងឮជាលើក ដំបូងនៅថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០១៥ នៅពេលដែលនគរបាលជាតិ បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា ក្រសួងមហាផ្ទៃ កំពុងស្ថិតក្នុងដំណើរការព្រាងច្បាប់នេះព័ត៌មានបង្ហោះលើគេហទំព័រនេះបាន បញ្ជាក់ថាយ៉ាងច្បាស់ថាច្បាប់នេះ មានបំណងការពារ “ព័ត៌មានសម្ងាត់របស់រដ្ឋ ដើម្បីធានាថាភាព សម្ងាត់របស់ជាតិត្រូវបានការពារយ៉ាងតឹងរឹង”។