ក្នុងពិធី ចែកសញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យ ធនធានមនុស្ស នៅព្រឹកថ្ងៃអង្គារទី១៧កុម្ភៈ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ធ្វើការបដិសេធជាសាធារណៈថា គណបក្សប្រជាជនកម្ពុជា មិនបាន ទិញតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក វ៉ាន់ សំអឿន ដែល ទើបដែលបានចុះចូលគណបក្សរបស់លោកឡើយ។
លោក ហ៊ុន សែន ថ្លែងបែបនេះថា «មនុស្សមិនមែនជាទំនិញទេ ឯក ឧត្តម វ៉ាន់ សំអឿន ក៏មិនបានចាត់ទុកខ្លួនគាត់ ជាទំនិញ ដែរ...ក្បាល មនុស្សអីក៏ថោក ម្ល៉េះ ហើយខ្ញុំក៏មិនសម្បូរលុយ ទៅទិញដែរ...សុំមេត្តា កុំលាបពណ៌ កុំថ្ងៃហ្នឹង ថាល្អ គាំទ្រខ្លួនថាល្អ ដល់ស្អែកមិនគាំទ្រខ្លួន ទៅជាទៅជាឈើពុក ទៅជាសាច់ស្អុយ ទៅជាស្អីអីណាណុះ! អាហ្នឹង វាជាការខ្វះការគោរពសេរីភាពរបស់បុគ្គល» ។
សូមបញ្ជាក់ថា លោក វ៉ាន់ សំអឿន តំណាងរាស្ត្រមណ្ឌលកំពតរបស់ គណបក្សសង្គ្រោះជាតិ មានអាយុ៦៨ឆ្នាំបានដាក់លិខិតសុំលាឈប់ ពីតំណែងសមាជិកសភា របស់គណបក្សសង្គ្រោះជាតិ ក្រោមហេតុផល អសមត្ថភាពបំពេញ ការងារមិនបានល្អ ៕