កាលពីថ្ងៃអង្គារ៏ម្សិលមិញនេះ អ្នកនាំពាក្យគណបក្ស ហ៊្វុនស៊ិនប៉ិច បាន ប្រកាសថា មន្រ្តីជាន់ខ្ពស់គណបក្សជាង ២០នាក់ ត្រូវបានតែងតាំងជា ទីប្រឹក្សារបស់រដ្ឋាភិបាល តាមសំណើរបស់ព្រះអង្គម្ចាស់ នរោត្តម រណ ឫទ្ធិ ដែលយាងមកធ្វើជាព្រះប្រធានថ្មីៗ នេះ។
លោក ញ៉េប ប៊ុនជិន ដែលជាអ្នកនាំពាក្យគណបក្សផ្ទាល់ ហើយក៏ជា អ្នកដែលត្រូវបានតែងតាំងក្នុងចំណោម ២៤ នាក់ បានថ្លែងថាលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលយកសំណើរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដោយផ្តល់តំណែងស្មើនឹងអនុ រដ្ឋលេខាធិការ និង ខ្ពស់ជាងនេះ ដល់សមាជិកគណបក្សចំនួន ២៤ រូបនេះ។
លោក ញ៉េប ប៊ុនជិន បានឲ្យដឹងថា៖ «ការតែងតាំងនេះគឺជាប្រពៃណីនៃ ភាពជាដៃគូរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស ហ៊្វុនស៊ិនប៉ិច ។ សម្តេចតេជោ យល់ឃើញថា មន្រ្តីទាំងអស់នោះមានបទពិសោធបម្រើរាជរដ្ឋាភិបាល ហើយក៏មានបទពិសោធ គ្រប់គ្រាន់ក្នុងការបម្រើ ជាតិ»។