សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំ និងមន្ត្រី សាលារាជធានីភ្នំពេញ ផ្សព្វផ្សាយនៅថ្ងៃទី១៧ មិថុនា បានសម្តែងការខកចិត្ត ទៅនឹងនាយកអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ី លោក ប្រែត អាដាម (Brad Adams) ដែលបានវាយប្រហារ ចោទប្រកាន់ មកលើលោកជា ស៊ីម តាមរយៈអត្ថបទមួយក្រោមចំណងជើងថា “Cambodia: Chea Sim Death Show Failings of Khmer Rouge Court” មានន័យថា មរណភាព របស់លោក ជា ស៊ីម ជាការបរាជ័យរបស់សាលាក្តីខ្មែរក្រហម ក្នុងការនាំសមាជិកខ្មែរក្រហមមួយចំនួនមកកាត់ទោស។ សាលារាជធានីភ្នំពេញ ចាត់ទុកថា ការចោទប្រកាន់ របស់លោក ប្រែត អាដាម មិនមានមូលដ្ឋានច្បាស់លាស់ ហើយធ្វើឱ្យប៉ះពាល់ដល់កិត្តិយសលោកជា ស៊ីម។
សូមបញ្ជាក់ថា នាយកអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ី លោក ប្រែត អាដាម (Brad Adams) កាលពីថ្ងៃទី៩ ខែមិថុនា គឺមួយថ្ងៃក្រោយលោក ជា ស៊ីម ទទួលមរណភាព អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch ) បានចេញសេចក្ដីថ្លែង ការណ៍របស់ខ្លួន ដោយសរសេរថាលោក ជា ស៊ីម គឺជាអតីតកម្មាភិបាលខ្មែរក្រហមមួយរូប ដែលគេមិនដែលបានស៊ើបអង្កេតពីបទឧក្រិដ្ឋអន្តរជាតិធ្ងន់ធ្ងរ ដែលអាចចោទប្រកាន់ ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងរបបខ្មែរក្រហម ព្រោះលោក ជា ស៊ីម គឺជាកម្មាភិបាលមួយរូបក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម ចាប់ពីឆ្នាំ១៩៧៥ ដល់១៩៧៨ ៕