តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានឲ្យដឹងកាលពីម្សិលមិញថា លោកគ្រោងកោះហៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យចូលសភាដើម្បីសាកសួរជុំវិញបញ្ហា ការលុកលុយរបស់វៀតណាមចូលក្នុងទឹកដីកម្ពុជា នៅពេលសភាបើកសម័យប្រជុំនៅខែក្រោយ។
លោក អ៊ុំ សំអាន បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិគ្មានជម្រើសឡើយក្រៅតែពីកោះហៅលោក ហ៊ុន សែន រួមជាមួយលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ឲ្យមកបង្ហាញវត្តមាននៅចំពោះមុខសម័យប្រជុំសភាពេញអង្គ ក្រោយរដ្ឋាភិបាលបដិសេធមិនបញ្ចេញផែនទី។
លោក អ៊ុំ សំអាន បានថ្លែងថា ក្នុងរយៈពេល១ខែមកនេះ រូបលោករួមជាមួយលោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដឹកនាំការធ្វើដំណើរទៅកាន់តំបន់នានាតាមបណ្ដោយព្រំដែនភាគ ខាងកើតរបស់កម្ពុជាក្នុងខេត្តត្បូងឃ្មុំ ខេត្តរតនគិរី និងខេត្តស្វាយរៀង ដែលនៅទីនោះអ្នកភូមិនិយាយថា ទាហាននិងជនស៊ីវិលវៀតណាមបានទន្ទ្រានចូលទឹកដីរបស់ពួកគាត់។