លោក មាជ សុវណ្ណរ៉ា ប្រធាននាយកដ្ឋានព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ បានធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិកកាលពីយប់ថ្ងៃអង្គារ ដើម្បីសម្រាកព្យាបាលរបួសរបស់ខ្លួន។
លោក មាជ សុវណ្ណរ៉ា បានបន្ថែមយ៉ាងនេះថា៖« ខ្ញុំអរគុណក្រសួងយុត្តិធម៌ និងតុលាការ ដែលផ្តល់លិខិតឆ្លងដែនដល់ខ្ញុំ ដែលស្គាល់ពីតម្លៃនៃអាយុជីវិតមនុស្ស។ ការផ្តល់ឲ្យនេះ តាមសំណើរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិមាន លោក សម រង្សី និងលោក កឹម សុខា ជាដើម ។ ខ្ញុំសូមអរគុណពួកគាត់» ។ ខ្ញុំនឹងត្រឡប់មកតទល់ជាមួយប្រព័ន្ធតុលាការដើម្បីរកយុត្តិធម៌វិញ ព្រោះខ្ញុំមិនមានកំហុស »។
មុនឡើងយន្តហោះទៅកាន់ទឹកដី អាមេរិក លោក មាជ សុវណ្ណរ៉ា បានប្រកាសថា ដំណើររបស់លោកទៅកាន់ទឹកដីអាមេរិកនេះ មិនមែនដើម្បីរត់គេចខ្លួនពីការប្រឈមមុខជាមួយនឹងសំណុំរឿងរបស់លោក ដែលកំពុងមាននៅតុលាការនោះទេ តែលោកទៅអាមេរិកគ្រាន់តែ ដើម្បីព្យាបាលជំងឺប៉ុណ្ណោះ។ លោកបន្តថា នៅអាមេរិក លោកមានវេជ្ជបណ្ឌិតប្រចាំគ្រួសារ និងមានប្រាក់បដិភាគពីរដ្ឋាភិបាលអាមេរិកដើម្បីព្យាលជំងឺ ដោយមិនចាំបាច់ចំណាយថវិកាខ្លួនឯង ព្រោះលោក មានសញ្ជាតិអាមេរិក។
សូមបញ្ជាក់បន្ថែមថា រថយន្តទំនើបម៉ាក luxus ៣៣០ របស់លោក មាជ សុវណ្ណរ៉ា ប្រធាននាយកដ្ឋានព័ត៌មាននៃគណបក្សសង្គ្រោះជាតិ បានខ្ទេចខាងមុខទាំងស្រុង នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ ៥ ស្ថិតនៅក្នុងស្រុកក្រគរខេត្តពោធិ៍សាត់។ ក្នុងហេតុការណ៍នេះ លោក មាជ សុវណ្ណរ៉ា បានរងរបួសមុខខាងស្តាំ និងស្ត្រីម្នាក់ទៀត ដែលជាភរិយារបស់លោកសន្លប់ភ្លាម។