ព្រឹកថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០១៥ លោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានទទួលជួបតំណាងអង្គការសង្គមស៊ីវិលចំនួន ១០ ដោយពិភាក្សាអំពីក្ដីកង្វល់របស់អង្គការសង្គមស៊ីវិលចំពោះ” សេចក្ដីព្រាងច្បាប់គ្រប់គ្រង សមាគម និងអង្គការក្រៅរដ្ឋាភិបាល” ប៉ុន្តែលោក កឹម សុខា ពុំបានពិភាក្សាអំពីខ្លឹមសារច្បាប់នោះទេ ពីព្រោះរូបលោកផ្ទាល់ និងអ្នកតំណាងរាស្ត្រមិនទាន់បានទទួលសេចក្ដីព្រាងច្បាប់នេះ ជាផ្លូវការនៅឡើយទេ រហូតដល់ម៉ោងនេះ ។ លោក កឹម សុខា បានបង្ហាញ ពីគោលជំហរថា ព្រះរាជាណាចក្រកម្ពុជាត្រូវការច្បាប់អាទិភាពផ្សេងទៀត ដែលរដ្ឋសភាគួរតែយកមកអនុម័តមុនគេដូចជា៖ ការធ្វើវិសោធកម្មច្បាប់ពាក់ព័ន្ធប្រព័ន្ធតុលារការជាដើម ដែលកំពុងតែធ្វើឲ្យមានអយុត្តិធម៌សង្គម និងប្រជាពលរដ្ឋអ្នកទន់ខ្សោយឈឺចាប់ ដោយភាពអយត្តិធម៌។ ផ្ទុយទៅវិញ បើសេចក្ដីព្រាងច្បាប់ "គ្រប់គ្រងសមាគម និងអង្គការក្រៅរដ្ឋាភិបាល”នេះ រដ្ឋាភិបាលនៅតែចង់ឲ្យសភាអនុម័ត ខ្លួនត្រូវតែបើកឲ្យមានការពិភាក្សាយ៉ាងទូលំទូលាយដោយមានចូលរួមមតិពីភាគីពាក់ព័ន្ធ។