លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលមានគម្រោងធ្វើសន្និសីទសារព័ត៌មានស្តីពីបញ្ហាព្រំដែន ជាមួយតំណាងរាស្រ្តម្នាក់ទៀតគឺ លោក ម៉ៅ មុនីវណ្ណ នោះបានឲ្យដឹ នៅព្រឹកនេះថា លោកបានលុបចោលគម្រោងធ្វើសន្និសីទស្តីពីបញ្ហាព្រំដែននេះ ហើយនឹងចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីជំហររបស់ខ្លួនវិញ។ លោកបន្តថាការលុបចោលនេះ ដោយសារតំណាងរាស្រ្តចង់តវ៉ាសុំវិមានរដ្ឋសភា ដើម្បីធ្វើសន្និសីទ ជាជាងការធ្វើសន្និសីទនៅខាងក្រៅ ឬនៅទីស្នាក់ការរបស់គណបក្សសង្រ្គោះជាតិ។ លោកបញ្ជាក់ថាតំណាងរាស្រ្តបក្សសង្គ្រោះជាតិ អាចមានសិទ្ធិធ្វើ សន្និសីទនៅវិមានរដ្ឋសភាបាន ដូចតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានរៀបចំកាលពីកន្លងទៅផងដែរ។
លោក អ៊ុំ សំអាន បានអះអាងបញ្ជាក់បន្ថែមថាលោក ហេង សំរិន បានធ្វើការងារ«ហួសពីតួនាទីជាប្រធានរដ្ឋសភា» ក្នុងការសម្រេចមិនឲ្យតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិធ្វើសន្និសីទសារព័ត៌មាន។