ត្រឡប់ក្រោយ

គណៈកម្មការទី៦ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងដើម្បីពិនិត្យសិក្សា លើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល

នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា គណៈកម្មការនីតិកម្ម​ និង​យុត្តិធម៌​នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធាន គណៈកម្មការបានជួបប្រជុំ ​ពិភាក្សា​ផ្ទៃក្នុង គណៈកម្មការ ដើម្បីពិនិត្យ និងសិក្សា​លើសេចក្ដីព្រាងច្បាប់ស្ដីពី សមាគម​ និង​អង្គការ​​មិនមែនរដ្ឋាភិបាល ។

សេចក្ដីព្រាងច្បាប់ ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានចំនួន ៩ជំពូក រួមមាន ៣៩មាត្រា ត្រូវបានកិច្ចប្រជុំ គណៈកម្មាធិការ អចិន្រ្ដៃយ៏ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ ប្រគល់ជូន ​គណៈ​កម្មការ   ​កិច្ច​ការ​បរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និង​​ព័ត៌មាន ពិនិត្យ​និងសិក្សា ដោយ​សហការជាមួយ គណៈកម្មការមហាផ្ទៃ ការពារជាតិ និង​មុខងារ​​សាធារណៈ និង​គណៈ​កម្មការ​នីតិកម្ម និង​យុត្តិ​ធម៌​នៃរដ្ឋសភាហើយធ្វើ របាយការណ៍ ​ជូន ​គណៈ​កម្មាធិការអចិ​ន្រ្តៃយ៍​រដ្ឋសភាវិញ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា ដោយបានទទួលភារកិច្ចពី គណៈ​​កម្មាធិការអចិន្រ្ដៃយ៍នៃរដ្ឋសភាក្នុងការពិនិត្យ និងសិក្សា​លើ សេចក្ដីព្រាង ច្បាប់ស្ដីពី សមាគម​ និង​អង្គការមិន​មែនរដ្ឋាភិបាល នៅពេលនេះ គណៈកម្មការនីតិកម្ម​ និងយុត្តិធម៌នៃរដ្ឋសភា គ្រាន់តែ​ជួប​ប្រជុំ​ពិភាក្សា ផ្ទៃក្នុងគណៈកម្មការសិន ហើយក៏នឹងមានការជួបប្រជុំ អន្តរគណៈកម្មការ​ គឺជា​មួយ​ គណៈ​កម្មការ   ​កិច្ច​ការ​បរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការនិងព័ត៌មាន ​និង គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ​សាធារណៈនៃរដ្ឋសភា និងជួបប្រជុំជាមួយ​តំណាង​រាជរដ្ឋាភិបាល ជាបន្តបន្ទាប់ ទៀតនាពេលខាងមុខ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា