នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥នេះ នៅវិមានរដ្ឋសភា សម្ដេចប្រធានរដ្ឋសភាបានសម្ដែង ការស្វាគមន៍ចំពោះឯកឧត្ដម ហ្សង់ហ្វ្រង់ស្វ័រ កូតាំង Jaan Francois cautain ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ហើយចូលមកសម្ដែងការគួរសម និងជម្រាបលាសម្ដេចនាពេលនេះ។ សម្ដេចក៏បានកត់សម្គាល់ ពីការវិវត្តន៍នៃទំនាក់ទំនង ដែលកាន់តែប្រសើរឡើងរវាង កម្ពុជា និងសហគមន៍អឺរ៉ុប ចាប់តាំងពីលោក ហ្សង់ហ្វ្រង់ស្វ័រ កូតាំង មកធ្វើជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ដោយឯកឧត្ដមបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងកិច្ច សហប្រតិបត្តិការ រវាងកម្ពុជា ជាមួយនឹងបណ្ដាប្រទេសក្នុងសហគមន៍អឺរ៉ុប ទាំងវិស័យនយោបាយការទូត ពាណិជ្ជកម្ម អប់រំ វប្បធម៌ ទេសចរណ៍ និងបណ្ដាវិស័យផ្សេងៗទៀត។ សម្ដេចបានបន្ថែមថា សហគមន៍អឺរ៉ុប គឺជាប្រទេសដៃគូអភិវឌ្ឍន៍ដ៏មានសារៈសំខាន់របស់កម្ពុជា។
ពាក់ព័ន្ធនឹងនយោបាយនាំចេញពីកម្ពុជាទៅសហគមន៍អឺរ៉ុប សម្ដេចបានសំណូមពរឱ្យបណ្ដាប្រទេសនៅសហគមន៍អឺរ៉ុប EU បើកទូលាយបន្ថែមទៀតសម្រាប់ផលិតផល ក៏ដូចជាកសិផលពីកម្ពុជាទៅ សហគមន៍អឺរ៉ុប ដោយកុំឲ្យមានជាប់របាំងពាណិជ្ជកម្ម។
ដោយឡែកអំពីស្ថាប័នរដ្ឋសភា សម្ដេចបានជម្រាបជូនថា សម្រាប់អាណត្តិរដ្ឋសភានីតិកាលទី៥នេះ រដ្ឋសភាកម្ពុជា បានធ្វើវិសោធនកម្មច្បាប់សំខាន់ៗ រួមទាំងការធ្វើកំណែទម្រង់ (គ ជ ប) និងច្បាប់បោះឆ្នោត។ កត្តាសំខាន់មួយទៀត គឺគណបក្សទាំងពីរក៏បានបង្កើតឡើងនូវវប្បធម៌សន្ទនា ដែលនេះជាគន្លឹះមួយដើម្បីដោះស្រាយនូវបញ្ហានានា ដែលមិនយល់គ្នា រវាងគណបក្សទាំងពីរ ដែលមានអាសនៈក្នុងរដ្ឋសភា។
តបនឹងការស្នើសុំរបស់សម្ដេចប្រធានរដ្ឋសភា ឱ្យបណ្ដាប្រទេសនៅសហគមន៍អឺរ៉ុប បើកទូលាយបន្ថែមចំពោះទំនិញផលិតផល និងកសិផលពីកម្ពុជាទៅអឺរ៉ុបនោះ ឯកឧត្ដម ហ្សង់ហ្វ្រង់ស្វ័រ កូតាំង បានមានប្រសាសន៍ថាសម្រាប់ទំនិញរបស់កម្ពុជា សហគមន៍អឺរ៉ុប បានបើកទូលាយដោយមិនមានរបាំងពាណិជ្ជកម្មអ្វីទេ លើកលែងតែការនាំចូលអាវុធ ហើយនឹងប្រភេទទំនិញដែលមិនមានអនាម័យ។
ឯកឧត្ដម បានលើកឡើងថា ក្នុងអាណត្តិការទូតរបស់ឯកឧត្ដម នៅកម្ពុជា ឯកឧត្ដម បានមើលឃើញពីការវិវត្តន៍រីកចម្រើនរបស់កម្ពុជា ហើយក្រោយពេលដែលគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភាទាំងពីរស្រុះស្រួលគ្នាតាមរយៈវប្បធម៌ សន្ទនាគ្នា កាន់តែធ្វើឲ្យកម្ពុជាបោះជំហានទៅមុខកាន់តែល្អ។ ឯកឧត្ដមបន្ថែមថា បច្ចុប្បន្ននេះ សហគមន៍អឺរ៉ុបបានបន្តការគាំទ្រ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្ដម ចាប់អារម្មណ៍ទៀតថា រដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចចក្រី បាននឹងកំពុងប្រព្រឹត្តទៅយ៉ាងល្អ ដូចជាបើកឲ្យមានការពិភាក្សាចូលរួមមតិយោបល់ តាមរយៈសិក្ខាសាលានានា និងមានការកោះហៅតំណាងរាជរដ្ឋាភិបាលមកសាកសួរបំភ្លឺជុំវិញបញ្ហាមួយ ចំនួន ដែលទាំងនេះវាជាតួនាទីសំខាន់របស់រដ្ឋសភា។
ឯកឧត្ដមហ្សង់ហ្វ្រង់ស្វ័រ កូតាំង ក៏បានលើកឡើងអំពីសេចក្ដីព្រាងច្បាប់ស្ដីពី សមាគម និងអង្គការក្រៅរដ្ឋាភិបាល ដោយឯកឧត្ដមចាត់ទុកថា វាជាច្បាប់មួយមានសារៈសំខាន់ណាស់ ដែលប្រជាជនកម្ពុជាកំពុងរង់ចាំមើលការរៀបចំពិភាក្សា ថាតើវាបានទូលំទូលាយកម្រិតណា ហើយបន្ទាប់ពីច្បាប់នេះចេញទៅ គឺមានការគាំទ្រច្រើនប៉ុនណា ដោយឯកឧត្ដមសង្ឃឹមថារដ្ឋសភានឹងមានការពិភាក្សាដោយទូលំទូលាយ។
តបនឹងការលើកឡើងអំពីសេចក្ដីព្រាងច្បាប់ស្ដីពី សមាគមនិងអង្គការក្រៅរដ្ឋាភិបាល សម្ដេចពញាចក្រីបានបញ្ជាក់ថា បច្ចុប្បន្នគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បានបញ្ជូនសេចក្ដីព្រាងច្បាប់នេះឱ្យគណៈកម្មការជំនាញរបស់រដ្ឋសភា ចំនួនបី ពិនិត្យនិងសិក្សាគឺគណៈកម្មការទី៥នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការទី៤ និងទី៦នៃរដ្ឋសភា ។ហើយបន្ទាប់មក មុននឹងដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាដើម្បីអនុម័ត ក៏នឹងមានបើកជាសិក្ខាសាលាពិភាក្សាជាលក្ខណៈទូលំទូលាយផងដែរ៕