ក្នុងឱកាសខួបលើកទី៦៤នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១៥ ម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថាគណបក្សកាន់អំណាចគាំទ្រទាំងស្រុងពីការបង្កើតច្បាប់ អង្គការ និងសហជីព ដោយប្រឆាំងនឹងបរទេសដែលជ្រៀតជ្រែកកិច្ចការនេះ។
លោក ហ៊ុន សែន បញ្ជាក់ដូច្នេះថា «គណបក្សប្រជាជនកម្ពុជាគាំទ្រការបង្កើតច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនិងច្បាប់ស្តីពីសហជីព ដើម្បីការពារទ្រទ្រង់សិទ្ធិសេរីភាពនិងផលប្រយោជន៍របស់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហជីព ទាំងអស់និងផលប្រយោជន៍សាធារណៈព្រមទាំងធានាឲ្យកិច្ចសហប្រតិបត្តិការរបស់អង្គការទាំងនេះប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ស្របតាមគោលការណ៍នីតិរដ្ឋនិងអភិបាលកិច្ចល្អ»លោក ហ៊ុន សែន បន្ថែមថា«គណបក្សប្រជាជនប្រឆាំងដាច់ខាតចំពោះរាល់ ទង្វើជ្រៀតជ្រែកពីមជ្ឈដ្ឋានបរទេសចូលក្នុងដំណើរការនេះ ដែលជាការរំលោភបំពានឯករាជ្យនិងអធិបតេយ្យភាពរបស់កម្ពុជាហើយអំពាវនាវឲ្យមានការគោរពព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋអធិតេយ្យនិងជាសមាជិកនៃអង្គការសហប្រជាជាតិ»។
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងស្របពេលដែលអង្គការសង្គមស៊ីវិលមួយចំនួនបានប្រមូលផ្តុំនៅ មុខរដ្ឋសភា នៅព្រឹកថ្ងៃអាទិត្យនេះ ដោយតវ៉ាមិនឲ្យអនុម័តច្បាប់គ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ហើយគណៈកម្មការនៃរដ្ឋសភាកំពុងតែពិនិត្យមើលសេចក្តីព្រាងច្បាប់គ្រប់គ្រង អង្គការ។ ចំណែកសេចក្តីព្រាងច្បាប់សហជីព ក្រសួងការងារកំពុងតែរៀបចំផងដែរ។