ត្រឡប់ក្រោយ

ប្រធានគណបក្សសង្គ្រោះជាតិ អះអាងថាផែនទីកម្ពុជាដែលយកមកពីបារាំងជាមូលដ្ឋាននៃការបោះបង្គោលជាមួយវៀតណាម

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី ២៨ ម្សិលមិញ នេះថា មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលទើបតែបានទៅបំពេញបេសកកម្មមនៅប្រទេសបារាំង បាននាំមកវិញថ្ងៃនេះ នូវផែនទីជាប្រវត្តិសាស្ត្រ ចំនួន ២៦ ផ្ទាំង ខ្នាត ១/១០០.០០០ ដែលអាជ្ញាធរអាណានិគមនិយមបារាំង បានគូសវាសបែងចែកទឹកដី រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ក្នុងចន្លោះឆ្នាំពី ១៩៣៣ ដល់ ១៩៥៣។ ផែនទីទាំងនេះ ដែលតម្កល់ទុកនៅវិទ្យាស្ថានជាតិភូមិសាស្ត្រ (Institut Géographique National ហៅកាត់ IGN) នៃប្រទេសបារាំង មានសារៈសំខាន់ណាស់ ពីព្រោះជាមូលដ្ឋាននៃការបោះបង្គោល ក្នុងពេលថ្មីៗនេះ តាមដងព្រំប្រទល់ដែនរវាងប្រទេសទាំងពីរ ដែលមានប្រវែង ១២២៨ គីឡូម៉ែត្រ។ ផែនទីទាំងនេះ គួបផ្សំជាមួយនឹងបច្ចេកវិទ្យាទំនើប Global Positioning System ហៅកាត់ GPS ដែលធ្វើការវាស់វែងយ៉ាងលម្អិតបំផុតតាមផ្កាយរណប គឺជាឧបករណ៍ដ៏ស័ក្តិសិទ្ធិ ដើម្បីការពារបូរណភាពទឹកដី នៃប្រទេសកម្ពុជា។

​យ៉ាងណាក៏ដោយ រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​បាន​បដិសេធ​ផ្តល់​ផែនទី​នៃ​ការបោះបង្គោល​ព្រំដែន​កម្ពុជា​-​ វៀតណាម ទៅ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ដោយ​អះអាង​ថា​រដ្ឋាភិបាល​កំពុង​ធ្វើ​ការដោះស្រាយ​បញ្ហា​នេះ តាមរយៈ​ធ្វើ​កំណត់​ការទូត​ទៅ​វៀតណាម និង​យន្តការ​ដោះស្រាយ​ទ្វេភាគី ​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា